YouVersion Logo
Search Icon

2 Corinthians 1

1
1 ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ រួមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ស្រុក​អាខៃ​ទាំង​មូល​
2 សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ​ ​និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា។​
3 គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​ជា​ព្រះ​វរ​បិតា​នៃ​សេចក្ដី​មេត្តា​ករុណា​ ជា​ព្រះជាម្ចាស់​នៃ​ការ​កម្សាន្ដ​ចិត្ដ​គ្រប់​បែប​យ៉ាង​
4 ជា​ព្រះ​ដែល​កម្សាន្ដ​ចិត្ដ​យើង​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ដ​ចិត្ដ​អស់​អ្នក​ដែល​ជួប​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​បាន​ តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​
5 ដ្បិត​ការ​រងទុក្ខ​របស់​ព្រះគ្រិស្ដ​មាន​កាន់​តែច្រើន​ដល់​យើង​យ៉ាង​ណា​ ការ​កម្សាន្ដ​ចិត្ដ​ដល់​យើង​តាមរយៈ​ព្រះគ្រិស្ដ​ក៏​មាន​កាន់​តែច្រើន​យ៉ាង​នោះ​ដែរ។​
6 បើ​យើង​ត្រូវ​រងទុក្ខ​ នោះ​គឺ​ដើម្បី​ជាការ​កម្សាន្ដ​ចិត្ដ​ និង​សេចក្ដី​សង្គ្រោះរបស់​អ្នក​រាល់គ្នា​ ឬ​បើ​យើង​ទទួល​ការ​កម្សាន្ដ​ចិត្ដ​វិញ​ ក៏​ដើម្បី​ជា​ការ​កម្សាន្ដ​ចិត្ដ​ដល់​អ្នក​រាល់គ្នា​ដែរ​ ដែល​កើត​ពី​ការ​ស៊ូទ្រាំ​នឹងការ​រងទុក្ខ​តែ​មួយ​ ដែល​យើង​ក៏​រងទុក្ខ​ដែរ​
7 ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​មុតមាំ​ចំពោះ​អ្នក​រាល់គ្នា​ ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​រងទុក្ខ​ជា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ក្នុង​ការ​កម្សាន្ដ​ចិត្ដ​ជា​យ៉ាង​នោះ​ដែរ‍។​
8 ដ្បិត​បងប្អូន​អើយ!​ យើង​មិនចង់​ឲ្យ​អ្នក​រាល់គ្នា​នៅតែ​មិន​ដឹង​អំពី​សេចក្ដី​វេទនា​របស់​យើង​ដែល​កើត​ឡើង​នៅ​ស្រុក​អាស៊ី​ គឺ​យើង​មាន​បន្ទុក​ធ្ងន់​ធ្ងរ​លើស​កម្លាំង​ ធ្វើឲ្យ​យើង​អស់​សង្ឃឹមនឹង​រស់នៅ​ទៀត​
9 ប៉ុន្ដែ​យើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ​ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​
10 ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​
11 អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​
12 មោទនភាព​របស់​យើង​គឺ​បែប​នេះ​ មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​ យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ ដោយ​សេចក្ដី​សប្បុរស​ និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​ មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​វិញ​ ជា​ពិសេស​ចំពោះ​អ្នក​រាល់គ្នា។​
13 យើង​មិន​សរសេរ​អ្វី​ផ្សេង​មក​អ្នក​រាល់គ្នា​ទេ​ លើកលែង​តែ​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​អាន​ ឬ​អាច​យល់​បាន​ប៉ុណ្ណោះ​
14 ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​
15 ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​
16 ហើយ​ទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​អ្នក​រាល់គ្នា​ រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​មក​ជួប​អ្នក​រាល់គ្នា​ម្ដង​ទៀត​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​ស្រុកយូដា។​
17 ពេល​ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្ជីខ្ជា​ឬ?​ ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេចចិត្ដ​ ខ្ញុំសម្រេចចិត្ដ​តាម​សាច់ឈាម​ បាន​ជា​ខ្ញុំ​ «បាទ»​ផង​ «ទេ‍»​ផង​ ដូច្នេះ?​
18 ប៉ុន្ដែ​ព្រះជាម្ចាស់​ស្មោះត្រង់​ បាន​ជា​ពាក្យ​សំដី​របស់​យើង​ទៅ​កាន់​អ្នក​រាល់គ្នា​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​
19 ដ្បិត​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​ មាន​ខ្ញុំ​ លោក​ស៊ីលវ៉ាន​ និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នោះ​មិន​មែន​បាទ​ផង​ ​ទេ​ផង​នោះ​ទេ​ គឺ​នៅ​ក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ​
20 ដ្បិត​សេចក្ដី​សន្យា​ទាំងឡាយ​របស់​ព្រះជាម្ចាស់​សុទ្ធ​តែ​ជា​ «បាទ»​ នៅ​ក្នុង​ព្រះអង្គ​ ដូច្នេះ​ហើយ​បាន​ជា​យើង​ថា​ «អាម៉ែន»​ដែរ​ តាមរយៈ​ព្រះអង្គ​សម្រាប់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់។​
21 គឺ​ព្រះជាម្ចាស់​ហើយ​ដែល​បាន​ចាក់​ប្រេងតាំង​ ​ព្រមទាំង​ធ្វើ​ឲ្យ​យើង​នៅ​ខ្ជាប់ខ្ជួន​ជាមួយ​អ្នក​រាល់គ្នា​ក្នុង​ព្រះគ្រិស្ដ​
22 ព្រះអង្គ​បាន​បោះ​ត្រា​លើ​យើង​ ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មក​ក្នុង​ចិត្ដ​របស់​យើង​ទុក​ជា​របស់​បញ្ចាំចិត្ដ។​
23 ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​
24 មិន​មែន​យើង​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​យើង​ជា​អ្នក​រួម​ការងារ​ជាមួយ​អ្នក​រាល់គ្នា​ សម្រាប់​អំណរ​របស់​អ្នក​រាល់គ្នា​វិញ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ដោយ​ជំនឿ​រួច​ហើយ។​

Currently Selected:

2 Corinthians 1: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy