YouVersion Logo
Search Icon

ហេព្រើរ 13

13
ពាក្យជំរុញទឹកចិត្តចុងក្រោយ
1ចូរឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ជានិច្ច​។ 2កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។ 3ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។ 4ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។ 5ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។#13:5 《ទុតិយកថា》 31:6។ 6ដូច្នេះ យើង​អាច​និយាយ​ដោយក្លាហាន​ថា​:
“ព្រះអម្ចាស់​ជា​អ្នកជួយ​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​។
តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?”។ # 13:6 《ទំនុកតម្កើង》 118:6។
7ចូរ​នឹកចាំ​អំពី​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ដែល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​; ចូរ​សង្កេតមើល​លទ្ធផល​នៃ​របៀបរស់នៅ​របស់​អ្នកទាំងនោះ ទាំង​ត្រាប់តាម​ជំនឿ​របស់​ពួកគាត់​ចុះ​។ 8ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។ 9កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ#13:9 បង្វែរ―ឯកសារបុរាណខ្លះថា “អូស”។​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ#13:9 វិន័យ―ជាពាក្យជំនួយ។​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។ 10យើង​មាន​អាសនា​មួយ ដែល​អ្នក​បម្រើ​នៅ​ព្រះពន្លា​គ្មាន​សិទ្ធិ​ហូប​ពី​អាសនានោះ​ឡើយ​។ 11ជាការពិត ឈាម​របស់​សត្វ​សម្រាប់​លោះ​បាប ត្រូវ​មហាបូជាចារ្យ​យកមក​ក្នុង​ទីវិសុទ្ធ ហើយ​ខ្លួន​របស់​សត្វទាំងនោះ​ត្រូវបាន​ដុតចោល​នៅ​ខាងក្រៅ​ជំរំ​។ 12ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។ 13ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។ 14ដ្បិត​នៅ​ទីនេះ យើង​គ្មាន​ទីក្រុង​ដែល​នៅគង់វង្ស​ទេ ប៉ុន្តែ​យើង​កំពុងតែ​ខំស្វែងរក​ទីក្រុង​ដែល​រៀបនឹងមក​។ 15ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។ 16កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។ 17ចូរ​ស្ដាប់បង្គាប់​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ហើយ​ចុះចូល​នឹងពួកគាត់ ដ្បិត​អ្នកទាំងនោះ​តែងតែ​ប្រុងស្មារតី​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា ក្នុងនាមជា​អ្នក​រៀបរាប់ទូល​ជំនួស​អ្នករាល់គ្នា​។ ចូរ​ឲ្យ​ពួកគាត់​បាន​ធ្វើ​ការនេះ​ដោយ​អំណរ ហើយ​កុំ​ធ្វើឲ្យ​ពួកគាត់​ថ្ងូរ​ឡើយ ដ្បិត​បើ​ធ្វើឲ្យពួកគាត់ថ្ងូរ នោះជា​ការខាតបង់ប្រយោជន៍​ដល់​អ្នករាល់គ្នា​។ 18សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដ្បិត​យើង​ជឿជាក់​ថា យើង​មាន​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ទាំង​ប្រាថ្នាចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់ការទាំងអស់​។ 19ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​អធិស្ឋាន ជាពិសេស​ដើម្បីឲ្យ​ខ្ញុំ​បាន​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ ក្នុងពេលឆាប់ៗ​។
ពាក្យឲ្យពរ និងពាក្យជម្រាបលា
20សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច 21បាន​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍​ក្នុង​ការល្អ​គ្រប់យ៉ាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ សូមឲ្យ​ព្រះ​ធ្វើការ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជាទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។
22បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។ 23សូម​ដឹង​ថា ធីម៉ូថេ​បងប្អូន​របស់យើង​ត្រូវបាន​ដោះលែង​ហើយ​។ ប្រសិនបើ​គាត់​អាច​មកដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ជាមួយ​គាត់​ដែរ​។ 24សូម​ជួយ​សួរសុខទុក្ខ​អ្នកដឹកនាំ​ទាំងអស់​របស់អ្នករាល់គ្នា និង​វិសុទ្ធជន​ទាំងអស់គ្នា​ផង​។ ពួកបងប្អូន​ដែល​មកពី​អ៊ីតាលី ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។ 25សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!#13:25 ឯកសារបុរាណខ្លះបន្ថែម “អាម៉ែន”។​៕​៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy