២ របាក្សត្រ 30
30
ពិធីបុណ្យរំលង
1ព្រះបាទហេសេគាក៏ចាត់គេឲ្យទៅពួកអ៊ីស្រាអែល ហើយពួកយូដាទាំងអស់ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាណាសេ ឲ្យមានព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ 2ដ្បិតស្តេច និងពួកអ្នកជាប្រធាន ហើយក្រុមជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសម្រេចនឹងធ្វើបុណ្យរំលងនៅខែទីពីរ 3(ព្រោះគេធ្វើនៅវេលានោះពុំបាន ដោយពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង)។ 4ប៉ុន្តែ ដំណើរនោះ ស្តេច ព្រមទាំងក្រុមជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ។ 5ដូច្នេះ ក៏ចេញច្បាប់ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបារហូតដល់ក្រុងដាន់ ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ។ 6ដូច្នេះ ពួករត់សំបុត្រក៏ទទួលយកសំបុត្រពីព្រះហស្តស្តេច និងពីពួកអ្នកជាប្រធាន ចេញទៅពេញក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា តាមបង្គាប់ស្តេចដោយពាក្យថា៖ «ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលវិញ ដើម្បីឲ្យព្រះអង្គបានវិលមកសំណល់ពួកអ្នករាល់គ្នា ដែលបានរួចពីកណ្ដាប់ដៃនៃពួកស្តេចស្រុកអាសស៊ើរ។ 7អ្នករាល់គ្នាកុំធ្វើដូចជាពួកឪពុក និងពួកបងប្អូនអ្នករាល់គ្នា ដែលរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ បានជាព្រះអង្គបោះបង់គេឲ្យត្រូវវិងស៊ុង ដូចជាអ្នករាល់គ្នាបានឃើញស្រាប់នោះឡើយ។ 8ឥឡូវនេះ អ្នករាល់គ្នាកុំមានចិត្តរឹងរូស ដូចជាដូនតារបស់អ្នករាល់គ្នាឡើយ គឺត្រូវប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ព្រះអង្គបានបែរពីអ្នករាល់គ្នា។ 9ប្រសិនបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នា នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំអ្នកទៅជាឈ្លើយ ហើយត្រឡប់វិលមកស្រុកនេះវិញ ព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ព្រះអង្គមានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា។ ប្រសិនបើអ្នករាល់គ្នាវិលមករកព្រះអង្គវិញ ព្រះអង្គនឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ»។
10ដូច្នេះ ពួករត់សំបុត្រក៏ទៅពីក្រុងមួយដល់ក្រុងមួយកាត់ ទាំងស្រុកអេប្រាអិម និងស្រុកម៉ាណាសេផង រហូតដល់ស្រុកសាប់យូឡូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង។ 11ប៉ុន្តែ មានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាណាសេ និងពួកសាប់យូឡូន ដែលបន្ទាបខ្លួនក៏មកក្រុងយេរូសាឡិមដែរ។ 12ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
13ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីធ្វើបុណ្យនំបុ័ងឥតដំបែនៅខែទីពីរនោះ។ 14គេក៏ប្រុងប្រៀបនាំគ្នាទៅយកអស់ទាំងអាសនា ដែលនៅក្រុងយេរូសាឡិម និងអាសនាទាំងប៉ុន្មាន ដែលសម្រាប់ដុតកំញាន បោះចោលទៅក្នុងជ្រោះកេដ្រុន 15រួចសម្លាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ ពួកសង្ឃ និងពួកលេវីនឹកខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកតង្វាយដុតមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ 16គេក៏ឈរនៅកន្លែងរបស់គេរៀងៗខ្លួន តាមរបៀប តាមក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ គឺពួកសង្ឃបានទទួលឈាមពីដៃរបស់ពួកលេវី យកទៅប្រោះ។ 17ដ្បិតមានគ្នាច្រើនក្នុងជំនុំនោះដែលមិនទាន់ញែកខ្លួនជាបរិសុទ្ធនៅឡើយ ដូច្នេះ ពួកលេវីត្រូវត្រួតលើការសម្លាប់ចៀមធ្វើបុណ្យរំលង ឲ្យអស់អ្នកណាដែលមិនស្អាត ដើម្បីនឹងញែកគេចេញជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា។ 18មានបណ្ដាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាណាសេ ពួកអ៊ីសាខារ និងពួកសាប់យូឡូន ដែលមិនបានសម្អាតខ្លួនទេ ប៉ុន្តែ គេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែ ព្រះបាទហេសេគាអធិស្ឋានឲ្យគេថា៖ 19«សូមព្រះយេហូវ៉ាប្រកបដោយព្រះគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ ទោះបើមិនបានសម្អាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ»។ 20ព្រះយេហូវ៉ាក៏ស្តាប់តាមព្រះបាទហេសេគា ព្រះអង្គប្រោសឲ្យគេបានជា។ 21ពួកកូនចៅអ៊ីស្រាអែលដែលបានមកក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់ប្រាំពីរថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ារាល់ថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា។ 22ឯព្រះបាទហេសេគាក៏មានរាជឱង្ការលួងលោមចិត្តពួកលេវីទាំងប៉ុន្មាន ដែលមានចំណេះចេះស្ទាត់ក្នុងការងារនៃព្រះយេហូវ៉ា យ៉ាងនោះគេបានបរិភោគគ្រប់ទាំងប្រាំពីរថ្ងៃនៃបុណ្យនោះ ហើយបានថ្វាយយញ្ញបូជាទុកជាតង្វាយមេត្រី ព្រមទាំងលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេ។
23ក្រុមជំនុំទាំងអស់គ្នាក៏ប្រឹក្សា សម្រេចនឹងធ្វើបុណ្យនោះប្រាំពីរថ្ងៃទៀត ដូច្នេះ គេក៏ធ្វើប្រាំពីរថ្ងៃទៀត ដោយរីករាយសប្បាយ។ 24ដ្បិតព្រះបាទហេសេគាជាស្តេចយូដា ទ្រង់បានប្រទានគោមួយពាន់ និងចៀមប្រាំពីរពាន់ ដល់ក្រុមជំនុំសម្រាប់ជាតង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោមួយពាន់ និងចៀមមួយម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ 25នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយក្រុមជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល និងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង 26ដូច្នេះ មានអំណរជាខ្លាំង នៅក្នុងក្រុងយេរូសាឡិម ដ្បិតចាប់តាំងពីគ្រាព្រះបាទសាឡូម៉ូន បុត្រដាវីឌ ជាស្តេចអ៊ីស្រាអែលមក នោះមិនដែលមានការយ៉ាងនោះ នៅក្នុងក្រុងយេរូសាឡិមឡើយ។ 27រួចមកពួកសង្ឃ និងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយព្រះអង្គក៏ទទួលស្តាប់តាម។
Currently Selected:
២ របាក្សត្រ 30: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies