ម៉ាថាយ 28
28
1ក្រោយថ្ងៃឈប់សំរាក កាលរៀបនឹងចូលថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នាំគ្នាទៅមើលផ្នូរ 2នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ 3សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសំលៀកបំពាក់ក៏សស្គុសដូចហិមៈ 4ពួកយាមល្បាតក៏ញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់ 5តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង 6តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ 7រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗនឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ 8ស្ត្រី២នាក់នោះក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្ដីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់ 9តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាង មានបន្ទូលថា ជំរាបសួរ រួចអ្នកទាំង២ក៏ចូលទៅឱបព្រះបាទថ្វាយបង្គំទ្រង់ 10នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។
11កាលនាងកំពុងតែទៅ នោះពួកយាមល្បាតខ្លះក៏ចូលទៅក្នុងទីក្រុង ជំរាបដល់ពួកសង្គ្រាជ ពីការទាំងប៉ុន្មានដែលកើតមក 12រួចកាលអ្នកទាំងនោះ នឹងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន 13ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ 14បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស 15គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។
16ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំដែលព្រះយេស៊ូវបានប្រាប់ 17កាលគេឃើញទ្រង់ នោះក៏ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្ដីសង្ស័យ 18ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង 19ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ 20ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
Currently Selected:
ម៉ាថាយ 28: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.