YouVersion Logo
Search Icon

ម៉ាថាយ 27

27
1ដល់​ព្រឹក​ឡើង ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់ 2ក៏​ចង​ទ្រង់​ដឹក​បញ្ជូន​ទៅ​ឯ​ចៅហ្វាយ​ស្រុក​ឈ្មោះ​ប៉ុនទាស-ពីឡាត់។
3កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ ក៏​យក​ប្រាក់​៣០​ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​វិញ 4ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ តែ​គេ​ឆ្លើយ​ថា តើ​នោះ​អំពល់​អ្វី​ដល់​យើង ការ​នោះ​ស្រេច​នៅ​ឯង​ទេ​តើ 5វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ 6ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម 7លុះ​គេ​បាន​ពិគ្រោះ​គ្នា​ហើយ ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ទុក​សំរាប់​ជា​ទី​កប់​ខ្មោច​នៃ​សាសន៍​ដទៃ​វិញ 8ដោយ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​វាល​នោះ​ថា «វាល​ឈាម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 9នោះ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​ប្រាក់​៣០ ជា​ដំឡៃ​ព្រះ‌អង្គ ដែល​គេ​បាន​កាត់​ថ្លៃ​ឲ្យ គឺ​ដែល​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ​នោះ 10ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ដូច​ជា​ព្រះ‌អម្ចាស់​ទ្រង់​បាន​បង្គាប់​ខ្ញុំ»។
11ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ 12តែ​កាល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​ចោទ​ប្រកាន់​ទ្រង់ នោះ​ទ្រង់​មិន​បាន​មាន​បន្ទូល​ឆ្លើយ​សោះ 13លោក​ពីឡាត់​ក៏​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ​អី 14តែ​ព្រះ‌យេស៊ូវ ទ្រង់​មិន​មាន​បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ បាន​ជា​លោក​ចៅហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់។
15ឯ​នៅ​បុណ្យ​នោះ លោក​ចៅហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម 16នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ា‌បាស 17ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ា‌បាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះ‌គ្រីស្ទ 18ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ 19កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី នោះ​ប្រពន្ធ​លោក​ប្រើ​បំរើ​មក​ជំរាប​ថា កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​សប្តិ​កើត​ទុក្ខ​ជា​ច្រើន ដោយ​ព្រោះ​មនុស្ស​នោះ 20តែ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ា‌បាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះ‌យេស៊ូវ​បង់ 21នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ 22លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ 23នោះ​លោក​ចៅហ្វាយ​សួរ​ថា តើ​អ្នក​នេះ​បាន​ធ្វើ​ខុស​អ្វី តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ 24កាល​លោក​ពីឡាត់​ឃើញ​ថា មិន​ឈ្នះ​ទេ កើត​មាន​កោលា‌ហល​កាន់​តែ​ខ្លាំង​ឡើង​ដូច្នោះ នោះ​លោក​យក​ទឹក​មក​លាង​ដៃ នៅ​មុខ​ហ្វូង​មនុស្ស ទាំង​មាន​ប្រសាសន៍​ថា ខ្ញុំ​គ្មាន​ទោស​នឹង​ឈាម​នៃ​អ្នក​សុចរិត​នេះ​ទេ ការ​នេះ​ស្រេច​នៅ​អ្នក​រាល់​គ្នា​ចុះ 25បណ្តាជន​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឲ្យ​ឈាម​វា​ធ្លាក់​មក​លើ​យើង​រាល់​គ្នា នឹង​កូន​ចៅ​របស់​យើង​ចុះ 26ដូច្នេះ លោក​ក៏​លែង​បារ៉ា‌បាស​ឲ្យ​ដល់​គេ ឯ​ព្រះ‌យេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។
27នោះ​ពួក​ទាហាន​របស់​លោក​ចៅហ្វាយ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​សាលា រួច​ប្រមូល​ក្រុម​ទាហាន​ទាំង​អស់​មក​ទាស់​នឹង​ទ្រង់ 28គេ​ដោះ​ព្រះ‌ពស្ត្រ​ទ្រង់​ចេញ ហើយ​យក​អាវ​ក្រហម​មក​បំពាក់​វិញ 29ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា 30គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ផង 31កាល​គេ​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។
32កាល​បាន​ចេញ​ទៅ​ហើយ នោះ​គេ​ប្រទះ​ឃើញ​មនុស្ស​ស្រុក​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ក៏​ចាប់​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ទ្រង់​ទៅ 33លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់‌កូថា ដែល​ស្រាយ​ថា​ភ្នំ​រលា​ក្បាល 34នោះ​គេ​យក​ទឹក‌ខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ 35គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ» 36គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ 37ក៏​បិទ​ប្រកាស​ដែល​កត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា» 38នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។
39ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា 40ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក 41ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា 42វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក នោះ​យើង​នឹង​ជឿ​ដល់​វា 43វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ ដ្បិត​វា​បាន​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ 44ហើយ​ចោរ​២​នាក់ ដែល​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ស្តី​ឲ្យ​ទ្រង់​ដូច្នោះ​ដែរ។
45តាំង​ពី​ថ្ងៃ​ត្រង់ ដរាប​ដល់​ម៉ោង​៣​រសៀល នោះ​មាន​ងងឹត​ដាប គ្រប​ពេញ​លើ​ផែនដី 46ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះ‌អង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ 47មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ 48ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ 49តែ​អ្នក​ឯ​ទៀត​និយាយ​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​ជួយ​សង្គ្រោះ​វា។
50កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ 51គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា 52អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន 53ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ 54ឯ​មេ​ទ័ព​នឹង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី នឹង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន 55នៅ​ទី​នោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែល​មក​តាម​ព្រះ‌យេស៊ូវ ពី​ស្រុក​កាលី‌ឡេ ដើម្បី​បំរើ​ទ្រង់ គេ​ឈរ​មើល​ពី​ចំងាយ 56ក្នុង​ពួក​ស្ត្រី​នោះ មាន​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​១ ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​យ៉ូសេ​១ ហើយ​នឹង​ប្រពន្ធ​របស់​សេបេដេ​១។
57ដល់​ល្ងាច មាន​មនុស្ស​អ្នក​មាន​ម្នាក់ ជា​សិស្ស​ព្រះ‌យេស៊ូវ ឈ្មោះ​យ៉ូសែប ដែល​នៅ​ភូមិ​អើរី‌ម៉ាថេ គាត់​មក​ដល់ 58បាន​ទៅ​ឯ​លោក​ពីឡាត់ សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​ប្រគល់​ព្រះ‌សព​ដល់​គាត់ 59រួច​កាល​យ៉ូសែប​បាន​យក​ព្រះ‌សព​មក នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក​យ៉ាង​ស្អាត 60ហើយ​បញ្ចុះ​ក្នុង​ផ្នូរ​ថ្មី ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម កាល​គាត់​បាន​ប្រមៀល​ថ្ម​១​យ៉ាង​ធំ​ទៅ​បិទ​មាត់​ផ្នូរ​ហើយ នោះ​ក៏​ចេញ​ទៅ​បាត់ 61ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នឹង​ម៉ារា​១​ទៀត ក៏​នៅ​ទី​នោះ​អង្គុយ​ប្រឈម​នឹង​ផ្នូរ។
62កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា 63លោក យើង​ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​ដែល​អា​កំភូត​នោះ​បាន​និយាយ ពី​កាល​នៅ​រស់​នៅ​ឡើយ​ថា ក្រោយ​មក​៣​ថ្ងៃ ខ្ញុំ​នឹង​រស់​ឡើង​វិញ 64ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្តាជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្ដី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត 65លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​មាន​អ្នក​យាម​ល្បាត​ស្រាប់​ហើយ ដូច្នេះ ចូរ​ទៅ​រក្សា​ឲ្យ​មាំ‌មួន​តាម​ចិត្ត​ចុះ 66រួច​គេ​ក៏​ទៅ​បិទ​ចំណាំ​ធ្វើ​ឲ្យ​មាំ‌មួន ហើយ​ដាក់​គ្នា​ឲ្យ​ចាំ​យាម​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy