YouVersion Logo
Search Icon

ម៉ាថាយ 14

14
1នៅ​គ្រា​នោះ ហេរ៉ូឌ ជា​ស្តេច​អនុរាជ ទ្រង់​បាន​ឮ​ល្បី​ពី​ព្រះ‌យេស៊ូវ 2ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា នោះ​គឺ​ជា​យ៉ូហាន-បាទីស្ទ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​កើត​មក ដោយ‌សារ​គាត់​ដូច្នេះ 3ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់ 4ពី​ព្រោះ​យ៉ូហាន​បាន​ទូល​ទាស់​នឹង​ស្តេច​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​នាង​នោះ​ទេ 5ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា 6មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូ‌ឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ហេរ៉ូឌ​ណាស់ 7បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម 8តែ​មាតា​នាង​បាន​បញ្ចេះ​ឲ្យ​ទូល​ថា សូម​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ 9នោះ​ស្តេច​ទ្រង់​ក៏​ព្រួយ​ព្រះ‌ទ័យ តែ​ដោយ​ព្រោះ​សម្បថ ហើយ​នឹង​ពួក​ភ្ញៀវ បាន​ជា​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​ក្បាល​គាត់​មក​ឲ្យ​នាង 10ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក 11គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា 12នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់ រួច​ទៅ​ទូល​ព្រះ‌យេស៊ូវ។
13កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ហើយ នោះ​ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ទី​រហោ‌ស្ថាន​ដោយ‌ឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ 14លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរ‌ដាស ទ្រង់​ក៏​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​ក្នុង​ពួក​គេ​ឲ្យ​បាន​ជា 15ដល់​ពេល​ល្ងាច ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា ទី​នេះ​ស្ងាត់​ណាស់ ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​ជុំ‌វិញ 16តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ 17ពួក​សិស្ស​ក៏​ទូល​ទ្រង់​ថា នៅ​ទី​នេះ យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​៥​ដុំ ហើយ​នឹង​ត្រី​២​ប៉ុណ្ណោះ 18នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ 19រួច​កាល​ទ្រង់​បាន​បង្គាប់ ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​លើ​ស្មៅ​ហើយ នោះ​ទ្រង់​យក​នំបុ័ង​៥​ដុំ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ទាំង​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ដល់​ហ្វូង​មនុស្ស 20គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​ដាក់​ពេញ​បាន​១២​កន្ត្រក 21រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗនឹង​កូន​ក្មេង​ទេ។
22ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់ 23លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ‌ឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់ 24ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ 25ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស 26កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នោះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្ដី​តក់‌ស្លុត 27តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ 28ពេត្រុស​ទូល​តប​ថា ព្រះ‌អម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង 29ទ្រង់​មាន​បន្ទូល​ថា ចូរ​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ 30តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង 31ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ 32រួច​កាល​ទ្រង់​នឹង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង 33ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ‌បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន។
34លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេ‌សារ៉ែត 35ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ 36ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy