Parallel
49
យ៉ាកុប​ឲ្យ​ពរ​កូនៗ​ទាំង​ដប់​ពីរ​នាក់
1យ៉ាកុប​ក៏​ហៅ​កូន​គាត់​ទាំង​អស់​មក​ប្រាប់​ថា ចូរ​ឯង​ប្រមូល​គ្នា​ទាំង​អស់​មក ដើម្បី​អញ​នឹង​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ដែល​នឹង​កើត​ដល់​ឯង​រាល់​គ្នា​នៅ​ជាន់​ក្រោយ 2ចូរ​ប្រជុំ​គ្នា​ស្តាប់​ចុះ ឱ​ពួក​កូន​យ៉ាកុប​អើយ ចូរ​ស្តាប់​អ៊ីស្រា‌អែល​ជា​ឪពុក​នៃ​ឯង​រាល់​គ្នា។
3រូបេន​អើយ ឯង​ជា​កូន​ច្បង ជា​ឫទ្ធី​ហើយ​ជា​ដើម​កំឡាំង​របស់​អញ ឯង​មាន​កិត្តិយស មាន​ឥទ្ធិ‌ឫទ្ធិ​យ៉ាង​ឯក 4តែ​ដែល​រំពើក​ចុះ​ឡើង​ដូច​ទឹក នោះ​ឯង​មិន​បាន​ស្ថិត‌ស្ថេរ​នៅ​ជាប់​ទេ ពី​ព្រោះ​ឯង​បាន​ឡើង​ទៅ​លើ​ដំណាក់​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើ​ឲ្យ​គ្រែ​អញ​ទៅ​ជា​អាស្រូវ បារាយ​ក្នុង​កាល​ដែល​ឡើង​ទៅ​ដេក​នោះ។
5ឯ​ស៊ីម្មាន និង​លេវី​ជា​បង​ប្អូន​គ្នា ដាវ​គេ​ជា​គ្រឿង​សាហាវ​ណាស់ 6ឱ​ចិត្ត​អញ​អើយ កុំ​ឲ្យ​ចូល​គំនិត​នឹង​គេ ឱ​កិត្តិយស​របស់​អញ​អើយ កុំ​ឲ្យ​ចូល​ក្នុង​ជំនុំ​គេ​ឡើយ ដ្បិត​គេ​បាន​សំឡាប់​មនុស្ស​ដោយ​មោហោ​ចិត្ត ហើយ​បាន​ប្រហារ​អ្នក​ដែល​ជា​កំពូល​ដោយ​អំណរ​ចិត្ត​ផង 7សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃលែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។
8យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង 9យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ ឯង​បាន​ឡើង​មក​ពី​ស៊ី​រំពា វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​យ៉ាង​ខ្លាំង នោះ​តើ​អ្នក​ណា​ហ៊ាន​ដាស់​វា 10ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់ 11ទ្រង់​នឹង​ចង​កូន​លា​ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ គឺ​ជា​កូន​របស់​មេលា​ទ្រង់​ភ្ជាប់​នឹង​ដើម​យ៉ាង​ល្អ​បំផុត ទ្រង់​នឹង​បោក​ព្រះ‌ពស្ត្រ​ទ្រង់​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ពស្ត្រ​វែង​ទ្រង់​ក្នុង​ទឹក​ទំពាំង‌បាយ‌ជូរ 12ព្រះ‌នេត្រ​ទ្រង់​នឹង​បាន​ក្រហម​ដូច​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ទន្ត​ទ្រង់​ស​ដូច​ទឹក​ដោះ។
13សាប់‌យូ‌ល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។
14អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម 15វា​ឃើញ​មាន​ទី​ឈប់​សំរាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។
16ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​១ 17ដាន់​នឹង​ធ្វើ​ជា​ពស់​នៅ​ក្នុង​ផ្លូវ គឺ​ជា​ពស់‌វែក​នៅ​ផ្លូវ​ច្រក​ដែល​ចឹក​កែង‌ជើង​សេះ ឲ្យ​អ្នក​ជំនិះ​ធ្លាក់​ផ្ងារ​ក្រោយ 18ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។
19ឯ​កាឌ់​នឹង​មាន​១​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​គេ​វិញ។
20ឯ​អេស៊ើរ អាហារ​វា​នឹង​បាន​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​របស់​យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។
21ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។
22យ៉ូសែប​ជា​មែក​ឈើ​មាន​ផ្លែ ជា​មែក​ឈើ​មាន​ផ្លែ​ដែល​ដុះ​នៅ​ជិត​រន្ធ​ទឹក ខ្នែង​វា​នឹង​វារ​ពាក់​លើ​កំផែង 23ពួក​ពល​ធ្នូ​បាន​ធ្វើ​ទុក្ខ​វា​ជា​ខ្លាំង ទាំង​បាញ់​ទាំង​ស្អប់​វា​ផង 24តែ​ធ្នូ​វា​នៅ​តែ​ខ្លាំង​ពូកែ ដៃ​វា​ក៏​មាន​កំឡាំង​ដោយ‌សារ​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប ឯ​អ្នក​គង្វាល គឺ​ជា​ថ្មដា​របស់​អ៊ីស្រា‌អែល​បាន​ចេញ​ពី​នោះ​មក 25គឺ​ដោយ​នូវ​ព្រះ​នៃ​ឪពុក​ឯង ដែល​ទ្រង់​នឹង​ជួយ​ឯង ហើយ​ដោយ​នូវ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា ដែល​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ជា​ព្រះ‌ពរ​ពី​លើ​មេឃ ហើយ​ជា​ព្រះ‌ពរ​ពី​ទី​ជំរៅ​ដែល​នៅ​ខាង​ក្រោម ទាំង​ផល​របស់​ដោះ ហើយ​នឹង​ពោះ​ផង 26ពរ​របស់​ឪពុក​ឯង នោះ​លើស​ជាង​អស់​ទាំង​ពរ​របស់​ពួក​អយ្យកោ​អញ ជា​ពរ​ធំ​ដល់​ព្រំ​ចុង​បង្អស់​របស់​ភ្នំ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​នៅ​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​កំពូល​ក្បាល​នៃ​អ្នក​ដែល​បាន​ញែក​ចេញ​ពី​ពួក​បង​ប្អូន​វា។
27បេន‌យ៉ា‌មីន ជា​ឆ្កែ​ព្រៃ​ដែល​ហែក​ស៊ី នៅ​ពេល​ព្រឹក វា​ខាំ​ស៊ី​រំពា ហើយ​ដល់​ពេល​ល្ងាច​វា​ចែក​របឹប។
28នោះ​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។
យ៉ាកុប​ទទួល​មរណ‌ភាព
29គាត់​ក៏​ផ្តាំ​ថា អញ​ហៀប​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​អញ​ហើយ ចូរ​កប់​អញ​នៅ​ជា​មួយ​នឹង​ជីតា​ជីដូន​របស់​អញ ក្នុង​រអាង​ដែល​នៅ​ឯ​ចំការ​របស់​អេប្រុន​ជា​សាសន៍​ហេត​ទៅ 30គឺ​ក្នុង​រអាង​ដែល​នៅ​ចំការ​ម៉ាក់‌ពេឡា ទល់​មុខ​នឹង​ម៉ាមរេ​នៅ​ស្រុក​កាណាន ដែល​អ័ប្រា‌ហាំ​បាន​ទិញ ជា​មួយ​នឹង​ចំការ​នោះ ពី​អេប្រុន​សាសន៍​ហេត ទុក​សំរាប់​ជា​ទី​កប់​ខ្មោច 31គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ និង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក និង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ 32ឯ​ចំការ និង​រអាង​នោះ​បាន​ទិញ​ពី​ពួក​កូន‌ចៅ​ហេត​ហើយ 33កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។