Parallel
48
យ៉ាកុប​ឲ្យ​ពរ​កូន​របស់​យ៉ូសែប
1ក្រោយ​ការ​ទាំង​នោះ​មក​មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ និង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ 2មាន​គេ​ជំរាប​យ៉ាកុប​ថា មើល យ៉ូសែប​កូន​លោក​មក​ដល់​ហើយ នោះ​អ៊ីស្រា‌អែល​គាត់​ខំ​ប្រឹង​ក្រោក​អង្គុយ​ឡើង​នៅ​លើ​គ្រែ។ 3ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ 4ដោយ​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​បាន​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ទៅ​ជា​ពួក​ច្រើន​រួម​គ្នា​តែ​១ អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​ត​ទៅ ទុក​ជា​កេរ‌អាករ​ដល់​គេ​នៅ​អស់​កល្ប‌ជានិច្ច 5រីឯ​កូន​ប្រុស​ឯង​ទាំង​២​ដែល​ឯង​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​អញ​មក​ឯ​ឯង​នៅ​ស្រុក​នេះ គឺ​អេប្រា‌អិម និង​ម៉ាន៉ាសេ នោះ​ជា​របស់​ផង​អញ​ដូច​ជា​រូបេន និង​ស៊ីម្មាន​ជា​របស់​ផង​អញ​ដែរ 6តែ​ពូជ​ដែល​ឯង​នឹង​បង្កើត​ក្រោយ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​ឯង​វិញ វា​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​បង​ប្អូន​វា ក្នុង​ចំណែក​មរដក​របស់​គេ 7ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។
8អ៊ីស្រា‌អែល​គាត់​ឃើញ​កូន​យ៉ូសែប ក៏​សួរ​ថា តើ​អ្នក​ណា​នេះ 9រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា 10រីឯ​អ៊ីស្រា‌អែល ភ្នែក​គាត់​ងងឹត​ដោយ‌សារ​ចាស់ គាត់​មើល​មិន​ឃើញ​ច្បាស់​ទេ យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត នោះ​គាត់​ក៏​ឱប​ថើប​វា 11រួច​គាត់​និយាយ​ទៅ​យ៉ូសែប អញ​ស្មាន​ថា លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង 12នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី 13យ៉ូសែប​ក៏​នាំ​យក​កូន​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រា‌អិម​នៅ​ដៃ​ស្តាំ​ទៅ​ខាង​ឆ្វេង​អ៊ីស្រា‌អែល ហើយ​ម៉ាន៉ាសេ​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​អ៊ីស្រា‌អែល 14នោះ​អ៊ីស្រា‌អែល​គាត់​លូក​ដៃ​ស្តាំ​ទៅ​ដាក់​លើ​ក្បាល​អេប្រា‌អិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ម៉ាន៉ាសេ​វិញ ទោះ​បើ​ម៉ាន៉ាសេ​ជា​កូន​ច្បង​ក៏​ដោយ គាត់​ធ្វើ​ដៃ​ដូច្នេះ​ដោយ​មាន​គំនិត​យល់​ជាក់ 15រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ ដែល​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 16គឺ​ជា​ទេវតា ដែល​បាន​ជួយ​ឲ្យ​អញ​រួច ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ សូម​ទ្រង់​ប្រទាន​ពរ​ដល់​ក្មេង​ទាំង​២​នេះ ហើយ​ឲ្យ​វា​បាន​ហៅ​តាម​ឈ្មោះ​អញ តាម​ឈ្មោះ​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ សូម​ឲ្យ​វា​បាន​ចំរើន​ឡើង មាន​គ្នា​សន្ធឹក​នៅ​លើ​ផែនដី 17កាល​យ៉ូសែប​ឃើញ​ថា ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រា‌អិម នោះ​គាត់​មិន​សុខ​ចិត្ត​ឡើយ ក៏​ចាប់​ដៃ​ឪពុក ចង់​លើក​ចេញ​ពី​ក្បាល​អេប្រា‌អិម​ទៅ​ដាក់​លើ​ក្បាល​ម៉ាន៉ាសេ​វិញ 18ដោយ​ពាក្យ​ថា មិន​ត្រូវ​ទេ លោក​ឪពុក​អើយ ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​លោក​ឪពុក​លើ​ក្បាល​វា​វិញ 19តែ​ឪពុក​មិន​ព្រម​សោះ ក៏​និយាយ​ថា អញ​ដឹង​ហើយ កូន​អើយ អញ​ដឹង​ហើយ វា​នឹង​បាន​ត្រឡប់​ជា​ពួក​១​ដែរ ហើយ​នឹង​បាន​ធំ​ផង ប៉ុន្តែ​ប្អូន​នឹង​បាន​ធំ​ជាង ពូជ​វា​នឹង​ត្រឡប់​ទៅ​ជា​នគរ​១​ដ៏​ពោរ‌ពេញ 20នៅ​ថ្ងៃ​នោះ​ឯង​គាត់​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​២​ថា អ៊ីស្រា‌អែល​នឹង​ឲ្យ​ពរ​ដល់​មនុស្ស​ដទៃ​ដោយ‌សារ​ឯង ដោយ​ថា សូម​ព្រះ​ទ្រង់​ប្រោស​ឲ្យ​ឯង​បាន​ដូច​ជា​អេប្រា‌អិម និង​ម៉ាន៉ាសេ​ចុះ ដូច្នេះ គាត់​បាន​លើក​អេប្រា‌អិម​ឲ្យ​ធំ​ជាង​ម៉ាន៉ាសេ 21នោះ​អ៊ីស្រា‌អែល​ក៏​និយាយ​ទៅ​យ៉ូសែប​ថា មើល អញ​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​នាំ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ពួក​អយ្យកោ​ឯង​វិញ 22មួយ​ទៀត ក្នុង​របស់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​យក​ពី​ដៃ​នៃ​ពួក​សាសន៍​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​អញ នោះ​អញ​បាន​ចែក​១​ចំណែក​ដល់​ឯង​លើស​ជាង​បង​ប្អូន​ឯង​ហើយ។