YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 46

46
1អ៊ីស្រាអែល​ក៏​នាំ​យក​របស់​គាត់​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ លុះ​ដល់​បៀរ-សេបា​ហើយ នោះ​គាត់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ជា​ឪពុក​ខ្លួន 2ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​អ៊ីស្រាអែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ 3រួច​ទ្រង់​មាន​បន្ទូល​ថា អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​ឯង កុំ​ឲ្យ​ខ្លាច​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង 4អញ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​ឯង​ដែរ ហើយ​នឹង​នាំ​ឯង​ឡើង​មក​វិញ​ជា​មិន​ខាន ឯ​យ៉ូសែប​វា​នឹង​បិទ​ភ្នែក​ឯង 5រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​បញ្ជិះ​ឪពុក នឹង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ 6គេ​ក៏​យក​ហ្វូង​សត្វ​នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន ពី​កាល​នៅ​ស្រុក​កាណាន នាំ​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប​នឹង​ពូជ​គាត់​ទាំង​អស់​គ្នា 7គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី នឹង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។
8នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​នឹង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់ 9ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន នឹង​កើមី 10ឯ​កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ នឹង​សូល​ជា​កូន​របស់​ស្រី​សាសន៍​កាណាន​ម្នាក់ 11ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី 12ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស នឹង​សេរ៉ាស តែ​អ៊ើរ​នឹង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន​ទៅ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន នឹង​ហាមុល 13ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ូប នឹង​ស៊ីមរ៉ុន 14ឯ​កូន​របស់​សាប់‌យូល៉ូន គឺ​សេរែក អេឡូន នឹង​យ៉ាលាល 15នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​នោះ​មាន​៣៣​នាក់។
16ឯ​កូន​របស់​កាឌ់ គឺ​សេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត នឹង​អើរេលី 17ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា នឹង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ នឹង​ម៉ាលគាល 18នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។
19ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប នឹង​បេន‌យ៉ាមីន 20នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ 21កូន​របស់​បេន‌យ៉ាមីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម នឹង​អើឌ 22នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។
23ឯ​កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម 24ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ នឹង​ស៊ីលិម 25នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់ 26ពួក​អ្នក​ដែល​ចូល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​យ៉ាកុប ជា​ពួក​អ្នក​ដែល​កើត​ពី​គាត់​ទាំង​ប៉ុន្មាន នោះ​រួម​ទាំង​អស់​មាន​៦៦​នាក់ ឥត​រាប់​ប្រពន្ធ​របស់​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ទេ 27ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។
28គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ 29ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រាអែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ 30អ៊ីស្រាអែល​និយាយ​ទៅ​យ៉ូសែប​ថា ឥឡូវ​នេះ បើ​អញ​ស្លាប់​ក៏​ស្លាប់​ចុះ ដ្បិត​អញ​បាន​ឃើញ​មុខ​ឯង​ដែល​ឯង​នៅ​រស់​នៅ​ឡើយ 31យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន នឹង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ នឹង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ 32អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ឃ្វាល​សត្វ ពី​ព្រោះ​គេ​មាន​របរ​រក​ស៊ី​ដោយ​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​របស់​គេ​ទាំង​អស់​មក​ផង 33ដូច្នេះ កាល​ណា​ផារ៉ោន​មាន​បន្ទូល​ហៅ​បង​ប្អូន​ទៅ​សួរ​ពី​របរ​រក​ស៊ី 34នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy