YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 45

45
1យ៉ូសែប​ខំ​អត់​ទប់ នៅ​មុខ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​គាត់​ពុំ​បាន ក៏​បន្លឺ​វាចា​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​អញ​ទៅ ដូច្នេះ កំពុង​ដែល​យ៉ូសែប​ថ្លែង​ឲ្យ​ពួក​បង​ប្អូន​ស្គាល់​ខ្លួន នោះ​គ្មាន​មនុស្ស​ណា​មួយ​ឈរ​នៅ​ជិត​ខាង​ឡើយ 2គាត់​ឡើង​សំឡេង​យំ ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង 3គាត់​ប្រាប់​ទៅ​បង​ប្អូន​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ទេ​ឬ ឯ​បង​ប្អូន​គាត់​ឆ្លើយ​មិន​បាន ពី​ព្រោះ​គេ​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា​នៅ​មុខ​គាត់ 4តែ​យ៉ូសែប​និយាយ​ទៅ​បង​ប្អូន​ថា សូម​មក​ជិត​ខ្ញុំ គេ​ក៏​ចូល​ទៅ​ជិត រួច​គាត់​ប្រាប់​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ 5ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក 6ដ្បិត​មើល មាន​អំណត់​នៅ​លើ​ផែនដី​២​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​៥​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ‌រាស់​ឬ​ច្រូត​កាត់​អ្វី​ឡើយ 7ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រោស‌ប្រាណ​យ៉ាង​ធំ 8ដូច្នេះ មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង 9ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ឡើង​ទៅ​ឪពុក​ខ្ញុំ នឹង​ជំរាប​គាត់​ថា យ៉ូសែប​ជា​កូន​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​ចុះ​មក​ឯ​ខ្ញុំ កុំ​បង្អង់​ឡើយ 10លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក នឹង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង 11នៅ​ស្រុក​នោះ ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក ក្រែង​លោក​ឪពុក​ត្រូវ​អន្តរាយ​ទៅ គឺ​ទាំង​លោក​ឪពុក នឹង​ពួក​គ្រួ​លោក​ឪពុក ហើយ​នឹង​របស់​លោក​ឪពុក​ទាំង​អស់​ដែរ ដ្បិត​ត្រូវ​មាន​អំណត់​៥​ឆ្នាំ​ទៀត 12មើល​ភ្នែក​បង​រាល់​គ្នា នឹង​ភ្នែក​បេន‌យ៉ាមីន ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​ជាក់​ថា គឺ​ជា​មាត់​របស់​ខ្លួន​ខ្ញុំ​នេះ​ហើយ​ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា 13ត្រូវ​ឲ្យ​ជំរាប​ឪពុក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ ហើយ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ផង ត្រូវ​ឲ្យ​ប្រញាប់​ទៅ​នាំ​យក​ឪពុក​ខ្ញុំ​ចុះ​មក​ឯ​ណេះ​កុំ​ខាន 14នោះ​គាត់​ឱប​ក​បេន‌យ៉ាមីន​ជា​ប្អូន ហើយ​យំ បេន‌យ៉ាមីន​ក៏​យំ​នៅ​ក​គាត់​ដែរ 15គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។
16ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ក្នុង​ដំណាក់​ផារ៉ោន​ថា បង​ប្អូន​យ៉ូសែប​បាន​មក​ដល់​ហើយ សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់ 17រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប ឲ្យ​ប្រាប់​ដល់​ពួក​បង​ប្អូន​ថា ត្រូវ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ផ្ទុក​សត្វ​របស់​ឯង​រាល់​គ្នា​ទៅ​ឯ​ស្រុក​កាណាន​ទៅ 18រួច​នាំ​យក​ឪពុក នឹង​ពួក​គ្រួសារ​របស់​ឯង​រាល់​គ្នា​មក​ឯ​ណេះ អញ​នឹង​ឲ្យ​ទី​កន្លែង​ដ៏​ល្អ​ក្នុង​ស្រុក​អេស៊ីព្ទ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​របស់​ល្អ​បំផុត​នៅ​ស្រុក​នេះ​ត​ទៅ 19ឯង​បាន​ទទួល​បង្គាប់​ហើយ ដូច្នេះ​ចូរ​ធ្វើ​យ៉ាង​នេះ​ចុះ គឺ​ឲ្យ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សំរាប់​ប្រពន្ធ​ឯង​រាល់​គ្នា ព្រម​ទាំង​កូន​តូចៗ​ផង ហើយ​បញ្ជិះ​ឪពុក​ឯង​រាល់​គ្នា​នាំ​ចុះ​មក​ឯ​ណេះ 20កុំ​ឲ្យ​ស្តាយ​របស់​ទ្រព្យ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ជា​របស់​ផង​ឯង​រាល់​គ្នា​ហើយ។
21ពួក​កូន​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង 22គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង នឹង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ាមីន 23រួច​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​១០ ផ្ទុក​សុទ្ធ​តែ​របស់​ល្អ​ពី​ស្រុក​អេស៊ីព្ទ ហើយ​លា​ញី​១០ ផ្ទុក​សុទ្ធ​តែ​ស្រូវ ព្រម​ទាំង​នំបុ័ង​នឹង​ស្បៀង​សំរាប់​ឪពុក​មក​តាម​ផ្លូវ 24គាត់​ក៏​បញ្ជូន​ឲ្យ​បង​ប្អូន​ទៅ ដោយ​ពាក្យ​បណ្តាំ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​តាម​ផ្លូវ​ណ៎ះ នោះ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។
25គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន 26ក៏​ជំរាប​ថា យ៉ូសែប​នៅ​រស់​ទេ គឺ​វា​ហើយ​ដែល​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល នោះ​គាត់​មាន​ចិត្ត​ភាំង​ស្លុត ដោយ​មិន​បាន​ជឿ​ទេ 27តែ​គេ​ជំរាប​គាត់​តាម​គ្រប់​ទាំង​ពាក្យ​របស់​យ៉ូសែប ដែល​បាន​ផ្តាំ​មក ហើយ​កាល​គាត់​ឃើញ​រទេះ​ទាំង​នោះ ដែល​យ៉ូសែប​ឲ្យ​មក​សំរាប់​បញ្ជិះ​គាត់​ទៅ នោះ​ទើប​យ៉ាកុប​ជា​ឪពុក​បាន​ភ្ញាក់​ខ្លួន​ឡើង 28ហើយ​អ៊ីស្រាអែល​និយាយ​ថា ប៉ុណ្ណេះ​ជឿ​ហើយ យ៉ូសែប​កូន​អញ​នៅ​រស់​មែន អញ​នឹង​ទៅ​ឲ្យ​ឃើញ​វា​មុន​ដែល​អញ​ស្លាប់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy