YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 43

43
1ឯ​អំណត់​អត់​នៅ​ក្នុង​ស្រុក​នោះ​ក៏​ខ្លាំង​ណាស់ 2កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត 3តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ 4បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន 5តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ 6នោះ​អ៊ីស្រាអែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត 7គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ នឹង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ 8នោះ​យូដា​ក៏​អង្វរ​អ៊ីស្រាអែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀបចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់ 9ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ 10ដ្បិត​បើ​យើង​ខ្ញុំ​មិន​បាន​បង្អង់​នៅ នោះ​ប្រាកដ​ជា​យើង​ខ្ញុំ​បាន​ទៅ​មក​២​សា​ហើយ 11អ៊ីស្រាអែល​ជា​ឪពុក​ក៏​ប្រាប់​ថា បើ​ដូច្នេះ​ធ្វើ​យ៉ាង​នេះ​ចុះ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ​ដាក់​ចុះ​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា​យក​ទៅ​ជូន​លោក​ផង គឺ​ជ័រ​ពិដោរ នឹង​ទឹក​ឃ្មុំ​បន្តិច ព្រម​ទាំង​គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ឈើ នឹង​គ្រាប់​ចំបក់ 12ហើយ​យក​ប្រាក់​១​ជា​២​នៅ​ដៃ​ឯង​រាល់​គ្នា​ទៅ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​លោ​គេ​ច្រឡំ 13រួច​ឲ្យ​នាំ​យក​ប្អូន​ឯង​វិល​ទៅ​ឯ​អ្នក​នោះ​ចុះ 14សូម​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បណ្តាល​ឲ្យ​អ្នក​នោះ​អាណិត​មេត្តា​ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​គេ​បើក​ឲ្យ​បង​ឯង ហើយ​នឹង​បេន‌យ៉ាមីន​មក​វិញ​ដែរ ណ្ហើយ​ចុះ បើ​អញ​ត្រូវ​អត់​កូន នោះ​ក៏​ត្រូវ​តែ​ទ្រាំ​អត់​ទៅ​ចុះ។
15គេ​ក៏​យក​ជំនូន​ទាំង​នោះ នឹង​ប្រាក់​១​ជា​២​នៅ​ដៃ ហើយ​នាំ​បេន‌យ៉ាមីន​ទៅ​ដែរ រួច​គេ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​យ៉ូសែប 16កាល​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់ 17អ្នក​នោះ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​បង្គាប់​យ៉ូសែប 18គេ​ក៏​មាន​សេចក្ដី​ភិត‌ភ័យ ពី​ព្រោះ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ហើយ​គេ​ពិគ្រោះ​គ្នា​ថា គឺ​ដោយ​ព្រោះ​ប្រាក់​ដែល​បាន​ដាក់​ចុះ​ក្នុង​បាវ ឲ្យ​មក​យើង​វិញ ពី​កាល​ជាន់​មុន​នោះ​ហើយ បាន​ជា​គេ​នាំ​យើង​ចូល​មក​នេះ ដើម្បី​ឲ្យ​លោក​បាន​រក​រឿង​នឹង​យើង ហើយ​ចាប់​យើង​យក​ធ្វើ​ជា​បាវ ព្រម​ទាំង​សត្វ​លា​ផង 19គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា 20ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ កាល​មុន​នោះ​យើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ 21រួច​កាល​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​សំណាក់ នោះ​យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​របស់​យើង​ខ្ញុំ​គ្រប់​ចំនួន​នៅ​ក្នុង​បាវ​រៀង​ខ្លួន ឥឡូវ​យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​នៅ​ដៃ​យើង​ខ្ញុំ​នេះ 22ក៏​បាន​យក​ប្រាក់​ផ្សេង​សំរាប់​នឹង​ទិញ​ស្បៀង​អាហារ​នៅ​ដៃ​យើង​ខ្ញុំ​ដែរ យើង​ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ដាក់​ប្រាក់​នោះ​ទៅ​ក្នុង​បាវ​ទេ 23តែ​អ្នក​នោះ​ឆ្លើយ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ គឺ​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​នៃ​ឪពុក​អ្នក​រាល់​គ្នា ទ្រង់​បាន​ប្រទាន​ទ្រព្យ​មក​ក្នុង​បាវ​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ប្រាក់​របស់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ទទួល​ហើយ រួច​អ្នក​នោះ​នាំ​ស៊ីម្មាន​ចេញ​មក​ឯ​គេ 24ហើយ​ក៏​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប ទាំង​យក​ទឹក​មក​ឲ្យ​លាង​ជើង រួច​គាត់​យក​ចំបើង​ឲ្យ​លា​គេ​ស៊ី​ដែរ 25ឯ​គេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។
26កាល​យ៉ូសែប​បាន​មក​ដល់​ផ្ទះ នោះ​គេ​យក​ជំនូន​ដែល​នៅ​ដៃ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់ 27គាត់​ក៏​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​គេ​ថា តើ​លោក​តា ជា​ឪពុក​អ្នក​រាល់​គ្នា ដែល​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​នៅ​រស់ ហើយ​សុខ​សប្បាយ​ជា​ទេ​ឬ 28គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។
29លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ាមីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង 30យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់ 31រួច​លប់​មុខ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​ប្រាប់​ថា ចូរ​លើក​ម្ហូប​មក 32គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ 33ពួក​បង​ប្អូន​គាត់​ក៏​អង្គុយ​នៅ​មុខ​គាត់​ដោយ​លំដាប់ គឺ​បង​ច្បង​តាម​បង​ច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា 34មាន​គេ​យក​ចំណែក​ភោជ‌នាហារ​ពី​ចំពោះ​គាត់​ទៅ​ឲ្យ​គេ​គ្រប់​គ្នា តែ​បេន‌យ៉ាមីន​បាន​លើស​ជាង​គេ​១​ជា​៥​ភាគ នោះ​ទាំង​អស់​គ្នា​ក៏​បាន​បរិភោគ ដោយ​អរ​សប្បាយ​ជា​មួយ​គ្នា​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy