YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 42

42
1រីឯ​យ៉ាកុប គាត់​ឃើញ​ថា ស្រុក​អេស៊ីព្ទ​មាន​ស្រូវ នោះ​គាត់​និយាយ​ទៅ​ពួក​កូន​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ 2គាត់​ប្រាប់​ថា នែ អញ​បាន​ឮ​ថា​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ចុះ​ទៅ​ឯ​ណោះ ដើម្បី​ទិញ​ពី​នោះ​មក​សំរាប់​យើង​ចុះ ឲ្យ​យើង​បាន​រស់​នៅ​កុំ​ឲ្យ​ស្លាប់ 3នោះ​បង​យ៉ូសែប​ទាំង​១០​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​ឯ​ស្រុក​អេស៊ីព្ទ 4តែ​យ៉ាកុប​មិន​ឲ្យ​បេន‌យ៉ាមីន ជា​ប្អូន​យ៉ូសែប ទៅ​ជា​មួយ​នឹង​ពួក​បងៗ​ទេ ដោយ​នឹក​ខ្លាច​ថា ក្រែង​កើត​មាន​គ្រោះ​ថ្នាក់​ដល់​វា 5ដូច្នេះ ពួក​កូន​អ៊ីស្រាអែល​ក៏​ចូល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​អត់​ដែរ 6ឯ​យ៉ូសែប គាត់​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ គឺ​គាត់​ហើយ ដែល​ជា​អ្នក​លក់​ស្រូវ​ឲ្យ​ដល់​បណ្តា​មនុស្ស​នៅ​ផែនដី ពួក​បង​គាត់​ក៏​ចូល​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់ 7កាល​យ៉ូសែប​ឃើញ​ពួក​បង នោះ​ក៏​ស្គាល់​គេ តែ​គាត់​ធ្វើ​ដូច​ជា​អ្នក​ដទៃ​នឹង​គេ​វិញ ហើយ​និយាយ​ដោយ​តឹង‌រ៉ឹង​ថា មក​ពី​ណា គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មក​ពី​ស្រុក​កាណាន​ដើម្បី​នឹង​ទិញ​ស្បៀង​អាហារ 8យ៉ូសែប​ស្គាល់​ពួក​បង​ជាក់ តែ​គេ​មិន​ស្គាល់​គាត់​ទេ 9គាត់​ក៏​នឹក​ឃើញ​ពី​សប្តិ​ដែល​បាន​យល់​សប្តិ​ពី​ដំណើរ​គេ រួច​និយាយ​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ ឯង​បាន​មក​ដើម្បី​នឹង​មើល​ស្រុក​នេះ ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ 10តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ 11យើង​ខ្ញុំ​រាល់​គ្នា​មាន​ឪពុក​តែ​១ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់​ពិត មិន​មែន​ជា​ពួក​លប​សង្កេត​ទេ 12តែ​គាត់​តប​ទៅ​គេ​ថា ទេ ពិត​ជា​ឯង​រាល់​គ្នា​បាន​មក ដើម្បី​មើល​ស្រុក​ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ 13នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​១២​នាក់ ជា​កូន​មាន​ឪពុក​តែ​១​នៅ​ស្រុក​កាណាន មើល សព្វ​ថ្ងៃ​នេះ កូន​ពៅ​បាន​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​១​ទៀត​មិន​នៅ​ទេ 14យ៉ូសែប​ឆ្លើយ​តប​ថា គឺ​ដូច​ជា​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ ថា​ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ 15អញ​នឹង​ល្បង​សាក​ឯង​រាល់​គ្នា​មើល​ដូច្នេះ គឺ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​តែ​ប្អូន​ពៅ​ឯង​បាន​មក​ឯ​ណេះ​សិន 16ចូរ​ឯង​ចាត់​គ្នា​ឯង​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​ត្រូវ​ចង​ឯង​រាល់​គ្នា​ទុក​នៅ​ទី​នេះ ដើម្បី​នឹង​ល្បង​សាក​មើល​ចំពោះ​ពាក្យ​សំដី​ឯង​ឲ្យ​ដឹង​ជា​និយាយ​ពិត​ឬ​ទេ បើ​មិន​ពិត​ទេ នោះ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​មែន 17រួច​គាត់​ឃុំ​គេ​ទុក​នៅ​អស់​៣​ថ្ងៃ។
18លុះ​ដល់​៣​ថ្ងៃ​ក្រោយ​មក នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា ចូរ​ធ្វើ​ដូច្នេះ​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ដ្បិត​អញ​ជា​អ្នក​គោរព​កោត‌ខ្លាច​ដល់​ព្រះ 19បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន នោះ​ចូរ​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នៅ​ជាប់​ចំណង​ក្នុង​គុក​នេះ​សិន តែ​ឯង​រាល់​គ្នា​ឯ​ទៀត​ត្រូវ​នាំ​យក​ស្រូវ​ទៅ​ឲ្យ​ពួក​ផ្ទះ​ឯង​ដែល​អត់​ចុះ 20រួច​ឲ្យ​នាំ​ប្អូន​ពៅ​ឯង​មក​ឯ​អញ​កុំ​ខាន យ៉ាង​នោះ​នឹង​បាន​ដឹង​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ផង គេ​ក៏​ធ្វើ​ដូច្នោះ 21រួច​គេ​និយាយ​គ្នា​គេ​ថា ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​ហើយ ពី​ព្រោះ​យើង​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្តាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯង បាន​ជា​សេចក្ដី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ 22នោះ​រូបេន​ឆ្លើយ​ឡើង​ថា តើ​អញ​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា កុំ​ឲ្យ​ធ្វើ​បាប​វា​ឡើយ តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ មើល‌ន៏ ឥឡូវ​ឈាម​វា​បាន​ទារ​វិញ​ហើយ 23គេ​មិន​ដឹង​ថា​យ៉ូសែប​ស្តាប់​បាន​ទេ ពី​ព្រោះ​មាន​អ្នក​បក​ភាសា​ឲ្យ 24គាត់​ក៏​ងាក​បែរ​ចេញ​ពី​គេ​ទៅ​យំ រួច​ត្រឡប់​មក​និយាយ​នឹង​គេ​វិញ ទើប​យក​ស៊ីម្មាន​ពី​ពួក​គេ​មក​ចង​នៅ​មុខ​គេ។
25យ៉ូសែប​គាត់​បង្គាប់​ឲ្យ​ច្រក​ស្រូវ​ឲ្យ​ពេញ​បាវ​គេ ហើយ​ដាក់​ប្រាក់​គេ​ចុះ​ទៅ​ក្នុង​បាវ​រៀង​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សំរាប់​បរិភោគ​តាម​ផ្លូវ​ផង នោះ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ដូច្នោះ 26គេ​ផ្ទុក​ស្រូវ​លើ​លា​ចេញ​ពី​នោះ​ទៅ 27លុះ​កាល​អ្នក​ម្នាក់​បាន​ស្រាយ​បាវ នឹង​យក​ស្រូវ​ឲ្យ​លា​ស៊ី នៅ​ត្រង់​ផ្ទះ​សំណាក់ នោះ​ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ 28គាត់​ក៏​ប្រាប់​ដល់​បង​ប្អូន​ថា ប្រាក់​ខ្ញុំ​គេ​បាន​ប្រគល់​មក​វិញ​ហើយ មើល មាន​នៅ​ក្នុង​បាវ​ខ្ញុំ​ឯ​ណេះ គេ​មាន​សេចក្ដី​តក់‌ស្លុត​គ្រប់​គ្នា ក៏​ងាក​បែរ​មើល​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​និយាយ​ថា តើ​ព្រះ​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ។
29លុះ​គេ​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ នោះ​ក៏​រ៉ាយ‌រ៉ាប់​ជំរាប​គាត់​ពី​គ្រប់​ទាំង​ការ​ដែល​បាន​កើត​ឡើង​ដល់​គេ​ថា 30អ្នក​ដែល​ជា​ចៅហ្វាយ​នៅ​ស្រុក​នោះ លោក​បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​បាន​ទុក​យើង​ជា​ពួក​លប​សង្កេត​ស្រុក 31យើង​ខ្ញុំ​បាន​ជំរាប​លោក​ថា យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ទេ 32ហើយ​ថា យើង​ខ្ញុំ​មាន​បង​ប្អូន​១២​នាក់​ជា​កូន​នៃ​ឪពុក​តែ​១ កូន​១​មិន​នៅ​ទៀត​ទេ ហើយ​កូន​ពៅ​វា​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន​សព្វ​ថ្ងៃ​នេះ 33តែ​អ្នក​ដែល​ជា​ចៅហ្វាយ​នៃ​ស្រុក​នោះ លោក​និយាយ​មក​យើង​ខ្ញុំ​ថា គឺ​យ៉ាង​នេះ​ដែល​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ឲ្យ​ទុក​បង​ប្អូន​ឯង​ម្នាក់​នៅ​នឹង​អញ​សិន រួច​នាំ​យក​ស្រូវ​សំរាប់​ពួក​គ្រួ​ឯង​រាល់​គ្នា​ដែល​អត់​នោះ​ចេញ​ទៅ​ចុះ 34ហើយ​នាំ​ប្អូន​ឯង​មក​ឯ​អញ នោះ​អញ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​ពួក​លប​សង្កេត​ស្រុក​ឡើយ គឺ​ជា​មនុស្ស​ទៀង​ត្រង់​ពិត រួច​សឹម​អញ​នឹង​លែង​ឲ្យ​បង​ប្អូន​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ព្រម​ទាំង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ចូល​បាន​ក្នុង​ស្រុក​នេះ​ផង។
35កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ​ទៅ នោះ​ក៏​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ខ្លួន​នៅ​ក្នុង​បាវ រួច​គេ​នឹង​ឪពុក​គេ​មាន​សេចក្ដី​ភ័យ​ញ័រ ដោយ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ 36យ៉ាកុប​ជា​ឪពុក​និយាយ​ថា ឯង​រាល់​គ្នា​បាន​បំបាត់​កូន​អញ​ទៅ គឺ​យ៉ូសែប​មិន​នៅ​ទៀត ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​ឯង​ចង់​យក​បេន‌យ៉ាមីន​ទៅ​ទៀត​ឬ សេចក្ដី​ទាំង​នេះ​ជា​ទំនាស់​នឹង​អញ​ហើយ 37រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា បើ​ខ្ញុំ​មិន​នាំ​វា​មក​វិញ នោះ​សូម​សំឡាប់​កូន​ប្រុស​ខ្ញុំ​ទាំង​២​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំៗ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ជា​មិន​ខាន 38តែ​យ៉ាកុប​ប្រកែក​ថា កូន​អញ​មិន​ត្រូវ​ចុះ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​វា​១​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​អញ ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ទុក្ខ​ព្រួយ​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy