YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 41

41
1ដល់​ផុត​២​ឆ្នាំ​មក នោះ​ផារ៉ោន​ទ្រង់​សុបិន​និម្មិត​ឃើញ​ថា ទ្រង់​ឈរ​នៅ​មាត់​ទន្លេ 2ហើយ​មើល​មាន​គោ​ញី​៧​មាន​សាច់​ច្រើន​ធាត់​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​នៅ​ទី​វាល 3រួច​មក មាន​គោ​ញី​៧​ទៀត​ឡើង​ពី​ទន្លេ​មក វា​ស្គម​ពេក ហើយ​អាក្រក់​មើល ក៏​ឈរ​នៅ​ក្បែរ​មាត់​ទន្លេ​ជិត​គោ​ឯ​ទៀត 4គោ​សំគម​ហើយ​អាក្រក់​មើល​នោះ បាន​ស៊ី​លេប​គោ​ទាំង​៧​ដែល​ធាត់​ល្អ​នោះ​អស់​ទៅ នោះ​ផារ៉ោន​ទ្រង់​តើន​ឡើង 5រួច​ទ្រង់​ផ្ទំ​លក់​ទៅ​វិញ ក៏​សុបិន​និម្មិត​ទៀត​ថា មាន​គួរ​ស្រូវ​៧​មាន​គ្រាប់​ធំ​ថ្លោស​ល្អ​បែក​ឡើង​នៅ​ដើម​តែ​១ 6រួច​មក​មាន​គួរ​ស្រូវ​៧​តូចៗ ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត​បែក​មក​ជា​ខាង​ក្រោយ 7ឯ​គួរ​ស្រូវ​តូចៗ​ក៏​លេប​គួរ​ស្រូវ​ធំ​ថ្លោស​ល្អ​ទាំង​៧​នោះ​ទៅ រួច​ផារ៉ោន​ទ្រង់​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​ទេ 8លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។
9នោះ​នាយ​ពិសេស​ថ្វាយ​ពែង​ក៏​ទូល​ទៅ​ផារ៉ោន​ថា ថ្ងៃ​នេះ ទូលបង្គំ​នឹក​ឃើញ​ពី​សេចក្ដី​កំហុស​របស់​ទូលបង្គំ​ហើយ 10ទ្រង់​ព្រះ‌ករុណា​បាន​ខ្ញាល់​នឹង​ពួក​អ្នក​បំរើ​ទ្រង់ ហើយ​ក៏​ឃុំ​ទូលបង្គំ នឹង​មេ​ពួក​អ្នក​ដុត​នំ​ទុក​ក្នុង​គុក​របស់​មេ​ក្រុម​រក្សា​ទ្រង់ 11យើង​ខ្ញុំ​ទាំង​២​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​១ ហើយ​ដែល​យើង​ខ្ញុំ​បាន​យល់​សប្តិ​នោះ ក៏​មាន​សេចក្ដី​សំរាយ​ផ្សេង​ពី​គ្នា 12នៅ​ទី​នោះ មាន​មនុស្ស​កំឡោះ​សាសន៍​ហេព្រើរ​ម្នាក់ ជា​បាវ​របស់​មេ​ក្រុម​រក្សា​ទ្រង់ បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​ដល់​គាត់ រួច​គាត់​បាន​កាត់​ស្រាយ​ឲ្យ​យើង​ខ្ញុំ​តាម​សប្តិ​រៀង​រាល់​ខ្លួន 13នោះ​ក៏​កើត​ដល់​យើង​ខ្ញុំ​ដូច​គាត់​បាន​កាត់​ស្រាយ​មែន ឯ​ទូលបង្គំ គាត់​កាត់​ថា នឹង​បាន​តាំង​ឡើង​ក្នុង​ដំណែង​ដើម​របស់​ទូលបង្គំ ហើយ​អ្នក​១​នោះ​គាត់​កាត់​ថា នឹង​ត្រូវ​ចង​ព្យួរ​វិញ។
14នោះ​ផារ៉ោន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ហៅ​យ៉ូសែប​មក គេ​ក៏​ទៅ​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​នោះ​មក​ជា​ប្រញាប់ គាត់​កោរ​ពុក‌មាត់​ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​គាល់​ផារ៉ោន 15ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​ចេះ​កាត់​សោះ ឥឡូវ​បាន​ឮ​និយាយ​ពី​ឯង​ថា ឯង​ចេះ​កាត់​សប្តិ​បាន 16យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា ការ​នោះ​មិន​ស្រេច​លើ​ទូលបង្គំ​ទេ គឺ​ព្រះ​នឹង​ឆ្លើយ​មក​ទ្រង់​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ 17ផារ៉ោន​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ក្នុង​សប្តិ​របស់​យើង​នោះ​ឃើញ​ថា យើង​ឈរ​នៅ​មាត់​ទន្លេ 18ស្រាប់​តែ​មាន​គោ​ញី​៧ មាន​សាច់​ធាត់​ល្អ​ឡើង​ពី​ទន្លេ​មក​ស៊ី​នៅ​ទី​វាល 19រួច​ឃើញ​មាន​គោ​ញី​៧​ទៀត​ឡើង​មក​តាម​ក្រោយ វា​ស្គម​ហើយ​អាក្រក់​មើល​ណាស់ គឺ​ស្គម​ដល់​ម៉្លេះ​បាន​ជា​យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​យ៉ាង​នោះ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ផង 20គោ​សំគម ហើយ​អាក្រក់​មើល​នោះ ក៏​ស៊ី​លេប​គោ​ញី​មុន ដែល​ធាត់ៗ​ទាំង​៧​អស់​ទៅ 21តែ​កាល​បាន​ស៊ី​ទៅ​ហើយ នោះ​ក៏​មិន​ដឹង​ជា​បាន​ស៊ី​អ្វី​ផង ដ្បិត​នៅ​តែ​អាក្រក់​មើល​ដូច​កាល​ពី​មុន​ដែរ នោះ​យើង​ក៏​ភ្ញាក់​ឡើង 22រួច​យល់​សប្តិ​ទៀត​ថា មាន​គួរ​ស្រូវ​៧ មាន​គ្រាប់​ធំ​ថ្លោស​ល្អ​បែក​ឡើង​នៅ​ដើម​តែ​១ 23រួច​មាន​គួរ​៧​ទៀត​មាន​គ្រាប់​តូចៗ ស្វិត​ហើយ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត បែក​ឡើង​ជា​ខាង​ក្រោយ 24ហើយ​គួរ​ស្រូវ​គ្រាប់​តូចៗ​ក៏​លេប​គួរ​ដែល​មាន​គ្រាប់​ធំ​ថ្លោស​ទាំង​៧​នោះ​ទៅ យើង​បាន​រ៉ាយ‌រ៉ាប់​សប្តិ​នេះ​ប្រាប់​ដល់​ពួក​ហោរ​ដែរ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​សោះ។
25យ៉ូសែប​គាត់​ទូល​ទៅ​ផារ៉ោន​ថា ឯ​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា នោះ​តែ​១​ទេ ព្រះ​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​រៀប​នឹង​ធ្វើ 26ឯ​គោ​ញី​ល្អ​ទាំង​៧​នោះ​គឺ​ជា​៧​ឆ្នាំ ហើយ​គួរ​ស្រូវ​ល្អ​ទាំង​៧ នោះ​គឺ​ជា​ឆ្នាំ​៧​នោះ​ដែរ គឺ​ជា​សុបិន​តែ​១​ទេ 27គោ​ញី​សំគម ហើយ​អាក្រក់​មើល​ទាំង​៧​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ជា​៧​ឆ្នាំ ឯ​គួរ​ស្រូវ​ទទេ​ដែល​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត នោះ​នឹង​ត្រូវ​ជា​៧​ឆ្នាំ​អំណត់ 28គឺ​សេចក្ដី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ទូល​ដល់​ទ្រង់​ព្រះ‌ករុណា​ថា សេចក្ដី​ដែល​ព្រះ​រៀប​នឹង​ធ្វើ នោះ​ទ្រង់​បាន​សំដែង​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ហើយ 29គឺ​ថា​នឹង​ត្រូវ​មាន​៧​ឆ្នាំ​ដែល​សម្បូរ​នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ 30រួច​ក្រោយ​នោះ​ទៅ​នឹង​មាន​អំណត់​៧​ឆ្នាំ​វិញ នោះ​គេ​នឹង​ភ្លេច​ពី​ផល​បរិបូរ​ក្នុង​ស្រុក​អេស៊ីព្ទ​អស់ ដ្បិត​អំណត់​នោះ​នឹង​បង្ហិន​ស្រុក​នេះ​ទៅ 31គេ​នឹង​លែង​ស្គាល់​សេចក្ដី​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត ដោយ​ព្រោះ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​នឹង​បាន​ខ្លាំង​ណាស់ 32ហើយ​ដែល​ព្រះ‌ករុណា​បាន​ទ្រង់​សុបិន​ឃើញ​២​ដង នោះ​គឺ​ដោយ​ព្រោះ​ព្រះ​បាន​សំរេច​ការ​នោះ ហើយ​ក៏​ប្រញាប់​នឹង​ធ្វើ​ដែរ។
33ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​ពិនិត្យ​រក​មនុស្ស​មាន​ដំរិះ​មាន​ប្រាជ្ញា ដើម្បី​នឹង​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទៅ 34គួរ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​បាន​ធ្វើ​ដូច្នោះ ហើយ​តាំង​ឲ្យ​មាន​ពួក​ដំរួត​នៅ​ក្នុង​ស្រុក សំរាប់​ឲ្យ​ហូត​យក​១​ភាគ​ក្នុង​៥ ពី​អស់​ទាំង​ផល​ក្នុង​ស្រុក​អេស៊ីព្ទ នៅ​រវាង​៧​ឆ្នាំ​ដែល​សម្បូរ​ផង 35ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំង​ល្អ​ដែល​ត្រូវ​មក​នេះ ហើយ​ទុក​ស្រូវ​នៅ​ក្រោម​អំណាច​ទ្រង់​ព្រះ‌ករុណា សំរាប់​ជា​អាហារ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​ទាំង​នោះ​គ្រប់‌គ្រង​រក្សា​ទុក 36ឯ​ស្បៀង​អាហារ​នោះ នឹង​បាន​បំរុង​ទុក​សំរាប់​ស្រុក​អំណត់​ទាំង​៧​ឆ្នាំ​ដែល​ត្រូវ​មក​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ‌សារ​អំណត់​នោះ​ឡើយ។
37សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទ្រង់​ទាំង​អស់​គ្នា 38នោះ​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​មហា‌តលិក​ទ្រង់​ថា តើ​យើង​នឹង​រក​មនុស្ស​ឯ​ណា​ឲ្យ​ដូច​មនុស្ស​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​នឹង​គាត់​បាន 39រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា ដែល​ព្រះ​បាន​សំដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​ទាំង​នេះ នោះ​គ្មាន​អ្នក​ណា​មាន​ដំរិះ​មាន​ប្រាជ្ញា​ដូច​ឯង​នេះ​ទេ 40គឺ​ឯង​នេះ​ហើយ ដែល​ត្រូវ​កាន់‌កាប់​ត្រួត‌ត្រា​លើ​ជន‌ជាតិ​របស់​យើង ហើយ​រាស្ត្រ​យើង​ទាំង​អស់​នឹង​ចុះ​ចូល​តាម​បង្គាប់​ឯង យើង​នឹង​ធំ​ជាង​ឯង​តែ​នៅ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ 41រួច​ផារ៉ោន​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា នែ យើង​តាំង​ឯង​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ 42ផារ៉ោន​ទ្រង់​ដោះ​ព្រះ​ទំរង់​ពី​ព្រះ‌ហស្ត ទៅ​បំពាក់​នៅ​ដៃ​យ៉ូសែប​វិញ ក៏​យក​សំលៀក‌បំពាក់​ទេស​យ៉ាង​ម៉ដ្ត មក​បំពាក់​គាត់ ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​ឲ្យ​គាត់​ផង 43ទ្រង់​ឲ្យ​គាត់​ជិះ​រាជ‌រថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា ចូរ​ក្រាប​ចុះ​ទាំង​អស់​គ្នា​ទៅ ដូច្នេះ​ទ្រង់​បាន​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល 44ផារ៉ោន​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា យើង​នេះ​ជា​ផារ៉ោន បើ​ឯង​មិន​បង្គាប់ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ដៃ​លើក​ជើង នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ទេ 45ផារ៉ោន​ក៏​ហៅ​ឈ្មោះ​យ៉ូសែប​ថា សាប់‌ន៉ាត់-ផានា ក៏​ឲ្យ​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន ធ្វើ​ជា​ប្រពន្ធ រួច​យ៉ូសែប​ចេញ​ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។
46កាល​យ៉ូសែប​ឈរ​នៅ​ចំពោះ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ នោះ​គាត់​មាន​អាយុ​៣០​ឆ្នាំ​ហើយ គាត់​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ដើរ​ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់ 47នៅ​ក្នុង​ឆ្នាំ​សម្បូរ​ទាំង​៧​នោះ ដី​បាន​បង្កើត​ផល​ជា​បរិបូរ 48គាត់​ក៏​ប្រមូល​ស្បៀង​អាហារ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ក្នុង​រវាង​៧​ឆ្នាំ​នោះ ហើយ​បាន​ទុក​ស្បៀង​ទាំង​នោះ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា ស្បៀង​ពី​ស្រែ​ចំការ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ណា នោះ​គាត់​បាន​ប្រមូល​ទុក​ក្នុង​ដី​ក្រុង​នោះ​ឯង 49យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​នៅ​នា​សមុទ្រ ទាល់​តែ​គាត់​លែង​រាប់ ពី​ព្រោះ​រាប់​មិន​បាន 50គ្រា​មុន​ដែល​កើត​មាន​ឆ្នាំ​អំណត់ នោះ​យ៉ូសែប​មាន​កូន​ប្រុស​២ ដែល​នាង​អាស‌ន៉ាត់​ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ 51យ៉ូសែប​ឲ្យ​កូន​ច្បង​ឈ្មោះ​ថា ម៉ាន៉ាសេ ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​អញ​ភ្លេច​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​គ្រួ​ឪពុក​អញ​ផង 52ហើយ​កូន​១​ទៀត​គាត់​ឲ្យ​ឈ្មោះ​ថា អេប្រា‌អិម ដោយ​គិត​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​អញ​មាន​កូន នៅ​ក្នុង​ស្រុក​នៃ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អញ។
53គ្រា​នោះ ឆ្នាំ​សម្បូរ​ទាំង​៧​នៅ​ស្រុក​អេស៊ីព្ទ​ក៏​កន្លង​ផុត​ទៅ 54ឯ​ឆ្នាំ​អំណត់​ទាំង​៧​ក៏​ចាប់​តាំង​ផ្តើម​ឡើង ដូច​ជា​យ៉ូសែប​បាន​ទាយ​មែន ក៏​មាន​អំណត់​នៅ​គ្រប់​ស្រុក​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​មាន​ស្បៀង​អាហារ​វិញ 55កាល​ជន​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​អស់​បាន​អត់‌ឃ្លាន ហើយ​គេ​ស្រែក​សូម​អាហារ​ពី​ផារ៉ោន នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ថា ចូរ​ទៅ​ឯ​យ៉ូសែប​ទៅ ហើយ​ធ្វើ​តាម​ដែល​លោក​បង្គាប់​ចុះ 56នោះ​មាន​អំណត់​អត់​នៅ​ពេញ​លើ​ផែនដី រួច​យ៉ូសែប​គាត់​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ទៅ​ពួក​សាសន៍​អេស៊ីព្ទ អំណត់​នោះ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ស្រុក​អេស៊ីព្ទ 57គ្រប់​ទាំង​ស្រុក​ក៏​នាំ​គ្នា​ចូល​មក​ឯ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​ទិញ​ស្រូវ ពី​ព្រោះ​អំណត់​នោះ​ជា​ខ្លាំង​ណាស់​នៅ​ពេញ​លើ​ផែនដី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy