YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 39

39
1រីឯ​យ៉ូសែប គេ​ក៏​នាំ​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ហើយ​មាន​មេ‌ទ័ព​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ ប៉ូទី‌ផារ ជា​មេ​ក្រុម​រក្សា​អង្គ​របស់​ផារ៉ោន លោក​ទិញ​គាត់​ពី​ដៃ​នៃ​ពួក​អ៊ីស‌ម៉ាអែល​ដែល​នាំ​ចុះ​មក​ស្រុក​នោះ 2ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​គាត់​ចេះ​តែ​ចំរើន​ឡើង​គាត់​នៅ​ក្នុង​ផ្ទះ​របស់​ចៅហ្វាយ​ខ្លួន ជា​សាសន៍​អេស៊ីព្ទ​នោះ 3ចៅហ្វាយ​ក៏​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គាត់ ហើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​កើត​ឡើង​ដោយ‌សារ​ដៃ​គាត់ 4យ៉ូសែប​បាន​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ ហើយ​ក៏​ខំ​ប្រឹង​បំរើ​លោក លោក​តាំង​គាត់​ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ​លោក ក៏​ប្រគល់​របស់​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់ 5ហើយ​ចាប់​តាំង​ពី​លោក​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ផ្ទះ នឹង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​ផ្ទះ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​ដោយ​ព្រោះ​យ៉ូសែប ហើយ​ព្រះ‌យេហូវ៉ា​ក៏​ផ្តល់​ព្រះ​ពរ មក​លើ​គ្រប់​ទាំង​របស់​លោក ដែល​នៅ​ក្នុង​ផ្ទះ នឹង​នៅ​ស្រែ​ចំការ​ដែរ 6លោក​ទុក​របស់​លោក​ទាំង​អស់​នៅ​ក្នុង​កណ្តាប់​ដៃ​យ៉ូសែប ហើយ​មិន​បាន​ដឹង​ជា​មាន​របស់​ណា​មួយ​ទេ លើក​តែ​ភោជ‌នាហារ​ដែល​លោក​ពិសា​ប៉ុណ្ណោះ រីឯ​យ៉ូសែប​គាត់​មាន​រូប‌ឆោម​ដ៏​ពិសី ហើយ​ស្រៀវ‌ស្រស់​ល្អ។
7កាល​ក្រោយ​ការ​ទាំង​នោះ​មក នោះ​ប្រពន្ធ​របស់​ចៅហ្វាយ​គាត់ ចេះ​តែ​ដេញ​ភ្នែក​ជាប់​តាម​មើល​យ៉ូសែប​ហើយ​និយាយ​ថា ចូរ​មក​ដេក​នឹង​អញ 8តែ​គាត់​មិន​ព្រម​សោះ ក៏​និយាយ​ទៅ​ប្រពន្ធ​ចៅហ្វាយ​ខ្លួន​ថា មើល ចៅហ្វាយ​ខ្ញុំ លោក​ឥត​ដឹង​ជា​មាន​អ្វីៗ​នៅ​នឹង​ខ្ញុំ​ក្នុង​ផ្ទះ​ផង លោក​បាន​ប្រគល់​គ្រប់​របស់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ 9គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ក្នុង​ផ្ទះ​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ​ដែរ លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពី​ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង 10ឯ​នាង​ចេះ​តែ​និយាយ​នឹង​យ៉ូសែប​ជា​រាល់​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នឹង​ទៅ​ដេក​ជា​មួយ​នឹង​នាង ឬ​នឹង​ទៅ​ជិត​នាង​សោះ 11មាន​កាល​១​ថ្ងៃ​នោះ គាត់​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ 12នោះ​នាង​ក៏​ចាប់​អាវ​គាត់ ទាំង​និយាយ​ថា មក​ដេក​នឹង​អញ​សិន តែ​គាត់​រលាស់​អាវ​ចោល​នៅ​ដៃ​នាង រត់​ចេញ​ទៅ​ក្រៅ​ទៅ 13កាល​នាង​ឃើញ​ថា គាត់​ចោល​អាវ​នៅ​ដៃ​ហើយ​រត់​ចេញ​ទៅ​ដូច្នោះ 14នោះ​នាង​ក៏​ហៅ​ពួក​អ្នក​ផ្ទះ​មក​ប្រាប់​ថា ឃើញ​ឬ​ទេ លោក​បាន​នាំ​សាសន៍​ហេព្រើរ​នេះ​មក​ឲ្យ​មើល‌ងាយ​យើង វា​បាន​ចូល​មក​ចង់​ដេក​នឹង​អញ តែ​អញ​បាន​ស្រែក​ជា​ខ្លាំង 15កាល​វា​ឮ​អញ​ឡើង​សំឡេង​ស្រែក នោះ​វា​ទុក​អាវ​ចោល​នៅ​ខាង​អញ​នេះ​រត់​ចេញ​ទៅ​ក្រៅ​បាត់ 16នាង​ក៏​ដាក់​អាវ​យ៉ូសែប​ទុក​នៅ​ក្បែរ​ខ្លួន ចាំ​ទំរាំ​តែ​ចៅហ្វាយ​គាត់​វិល​មក​ផ្ទះ​វិញ 17រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ 18តែ​កាល​ខ្ញុំ​ស្រែក​ឡើង នោះ​វា​រត់​ទៅ​ក្រៅ ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​នេះ 19កាល​ចៅហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង 20ហើយ​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សំរាប់​ឃុំ​ពួក​អ្នក​ទោស​របស់​ស្តេច គាត់​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។
21តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្ដី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង 22មេ​ភូឃុំ​នោះ​ក៏​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ទៅ​ក្នុង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ការ​អ្វីៗ​ដែល​គេ​ធ្វើ​នៅ​ក្នុង​គុក នោះ​គឺ​ជា​គាត់​ដែល​បង្កើត​ការ​នោះ 23មេ​ភូឃុំ​លែង​ត្រួត‌ត្រា​មើល​អ្វី​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​គាត់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy