YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 26

26
1សម័យ​នោះ មាន​កើត​អំណត់​នៅ​ក្នុង​ស្រុក​ផ្សេង​ពី​អំណត់​ជាន់​មុន ដែល​កើត​មាន​នៅ​ជំនាន់​អ័ប្រា‌ហាំ ហើយ​អ៊ីសាក គាត់​ទៅ​ឯ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលីស្ទីន​នៅ​កេរ៉ា 2នោះ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​គាត់​មាន​បន្ទូល​ថា កុំ​ឲ្យ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូរ​ឯង​នៅ​ក្នុង​ស្រុក​ដែល​អញ​នឹង​ប្រាប់​ឯង​វិញ 3ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង​នឹង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​ឯង 4អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយ‌សារ​ពូជ​ឯង 5ពី​ព្រោះ​អ័ប្រា‌ហាំ​បាន​ស្តាប់​តាម​ពាក្យ​អញ ព្រម​ទាំង​រក្សា​បញ្ញើ នឹង​បញ្ញត្ត ហើយ​ច្បាប់ នឹង​ក្រឹត្យ‌វិន័យ​របស់​អញ។
6នោះ​អ៊ីសាក​ក៏​នៅ​ក្នុង​ស្រុក​កេរ៉ា 7ហើយ​មនុស្ស​នៅ​ស្រុក​នោះ​គេ​សួរ​ពី​ដំណើរ​ប្រពន្ធ​គាត់ នោះ​គាត់​ប្រាប់​ថា គឺ​ជា​ប្អូន​ខ្ញុំ​ទេ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ថា​ជា​ប្រពន្ធ​ឡើយ ក្រែង​មនុស្ស​ស្រុក​នោះ​សំឡាប់​គាត់​ដោយ​ព្រោះ​រេបិកា ព្រោះ​នាង​មាន​រូប​ស្រស់​ល្អ​ណាស់ 8កាល​គាត់​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ទៅ អ័ប៊ី‌ម៉្មា‌ឡិច ស្តេច​សាសន៍​ភីលីស្ទីន ក៏​ទត​តាម​បង្អួច​មក ឃើញ​អ៊ីសាក​កំពុង​ប្រឡែង​នឹង​រេបិកា​ជា​ប្រពន្ធ 9អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហៅ​អ៊ីសាក​មក​សួរ​ថា នេះ​ប្រាកដ​ជា​ប្រពន្ធ​អ្នក​ពិត ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​និយាយ​ថា នាង​ជា​ប្អូន​វិញ​ដូច្នេះ រួច​អ៊ីសាក​ទូល​ឆ្លើយ​ថា ពី​ព្រោះ​ទូលបង្គំ​នឹក​ខ្លាច​ក្រែង​ទូលបង្គំ​ត្រូវ​ស្លាប់​ដោយ​ព្រោះ​នាង 10អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​តប​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ ក្រែង​មាន​ពួក​រាស្ត្រ​ណា​មួយ​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក យ៉ាង​នោះ​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ 11រួច​អ័ប៊ី‌ម៉្មា‌ឡិច​ទ្រង់​ហាម​ដល់​រាស្ត្រ​ទាំង​អស់​ថា អ្នក​ណា​ដែល​ពាល់​មនុស្ស​នេះ​ឬ​ប្រពន្ធ​គាត់ នោះ​នឹង​ត្រូវ​សំឡាប់​ជា​ពិត 12អ៊ីសាក​គាត់​ក៏​សាប‌ព្រោះ​នៅ​ស្រុក​នោះ​ហើយ​នៅ​ឆ្នាំ​នោះ​ឯង​គាត់​បាន​ផល​១​ជា​១​រយ​ភាគ​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ 13គាត់​ក៏​ត្រឡប់​បាន​ជា​អ្នក​មាន ហើយ​ចេះ​តែ​ចំរើន​ជា​ច្រើន​ឡើង ទាល់​តែ​មាន​យ៉ាង​ស្តុក‌ស្តម្ភ 14គាត់​មាន​ហ្វូង​ចៀម​ហ្វូង​គោ ហើយ​នឹង​បាវ​បំរើ​ជា​ច្រើន ឯ​ពួក​ភីលីស្ទីន​គេ​ក៏​កើត​មាន​សេចក្ដី​ច្រណែន​នឹង​គាត់ 15ហើយ​អណ្តូង​ទាំង​ប៉ុន្មាន​ដែល​ពួក​បាវ​របស់​ឪពុក​បាន​ជីក ពី​កាល​ដែល​នៅ​រស់​នៅ​ឡើយ នោះ​ពួក​ភីលីស្ទីន​គេ​លុប​ដី​ពេញ​ទាំង​អស់​ទៅ 16រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​នឹង​អ៊ីសាក​ថា ត្រូវ​ឲ្យ​អ្នក​ថយ​ចេញ​ពី​យើង​ទៅ ពី​ព្រោះ​អ្នក​ពូកែ​ជាង​យើង​ហើយ។
17អ៊ីសាក​ចេញ​ពី​ទី​នោះ ទៅ​ដំឡើង​ត្រសាល​ត្រង់​វាល​ច្រក​កេរ៉ា ហើយ​ក៏​អាស្រ័យ​នៅ​ឯ​នោះ​វិញ 18រួច​គាត់​ស្តារ​អណ្តូង​ទឹក​ទាំង​ប៉ុន្មាន​នោះ ដែល​គេ​បាន​ជីក​នៅ​ជាន់​អ័ប្រា‌ហាំ​ជា​ឪពុក​គាត់​ឡើង​វិញ ពី​ព្រោះ​ពួក​ភីលីស្ទីន​បាន​លុប​ទាំង​អស់​ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ រួច​គាត់​ដាក់​ឈ្មោះ​អណ្តូង​ទាំង​នោះ​តាម​ឈ្មោះ​ដែល​ឪពុក​បាន​ដាក់​មក​ដែរ 19ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ 20ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ក៏​ប្រឈ្លោះ​គ្នា​នឹង​ពួក​គង្វាល​របស់​អ៊ីសាក​ថា ទឹក​នេះ​ជា​របស់​ផង​យើង រួច​គាត់​ហៅ​អណ្តូង​នោះ​ថា អេសែក ពី​ព្រោះ​គេ​បាន​ឈ្លោះ​នឹង​គាត់ 21នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា 22គាត់​ចេញ​ពី​ទី​នោះ​ទៅ​ជីក​អណ្តូង​១​ទៀត តែ​ឥត​មាន​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ទេ បាន​ជា​គាត់​ដាក់​ឈ្មោះ​ថា រេហូ‌បូត ដោយ​និយាយ​ថា ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​បាន​ទូលាយ​ហើយ យើង​នឹង​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​នេះ 23រួច​គាត់​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​បៀរ-សេបា 24ហើយ​នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់​មាន​បន្ទូល​ថា អញ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ឪពុក​ឯង ដូច្នេះ​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពី​ព្រោះ​អញ​នៅ​ជា​មួយ ហើយ​នឹង​ឲ្យ​ពរ​ទាំង​ចំរើន​ពូជ​ឯង​ឲ្យ​ច្រើន​ឡើង ដោយ​ព្រោះ​អ័ប្រា‌ហាំ​ជា​អ្នក​បំរើ​អញ 25រួច​គាត់​ស្អាង​អាសនា​១​នៅ​ស្រុក​នោះ ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​បាវ​គាត់​ក៏​ជីក​អណ្តូង​១​នៅ​កន្លែង​នោះ​ដែរ។
26ឯ​អ័ប៊ី‌ម៉្មា‌ឡិច អ័ហ៊ូ‌សាត​ជា​សំឡាញ់​ទ្រង់ នឹង​ភីកុល​ជា​មេ‌ទ័ព​ទ្រង់ ក៏​ចេញ​ពី​កេរ៉ា​ទៅ​ឯ​គាត់ 27នោះ​អ៊ីសាក​សួរ​ថា ហេតុ​អ្វី​បាន​ជា​មក​ឯ​ទូលបង្គំ ដ្បិត​ទ្រង់​ស្អប់​ទូលបង្គំ​ហើយ បាន​ទាំង​បណ្តេញ​ទូលបង្គំ​ចេញ​ផង 28គេ​ឆ្លើយ​តប​ថា យើង​បាន​ឃើញ​ជាក់​ច្បាស់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក បាន​ជា​យើង​បាន​និយាយ​គ្នា​ថា គួរ​ឲ្យ​យើង​តាំង​សម្បថ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ឥឡូវ យើង​សូម​តាំង​សញ្ញា​នឹង​អ្នក​ថា 29អ្នក​នឹង​មិន​ធ្វើ​អាក្រក់​ដល់​យើង​ឡើយ ដូច​ជា​យើង​ក៏​មិន​បាន​ពាល់​ដល់​អ្នក​ដែរ គឺ​យើង​បាន​ប្រព្រឹត្ត​ចំពោះ​តែ​សេចក្ដី​ណា​ដែល​ល្អ​ដល់​អ្នក​ប៉ុណ្ណោះ យើង​បាន​ឲ្យ​អ្នក​ចេញ​មក​ដោយ​សេចក្ដី​សុខ‌សាន្ត ឥឡូវ​នេះ អ្នក​ជា​មនុស្ស​មាន​ព្រះ‌ពរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 30នោះ​គាត់​រៀប​ជប់‌លៀង​ដល់​គេ ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ទៅ 31លុះ​ព្រលឹម​ស្រាង​កាល​ណា នោះ​ក៏​ក្រោក​ឡើង​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួច​អ៊ីសាក​បញ្ជូន​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ ហើយ​ទ្រង់​ក៏​ចេញ​ពី​គាត់​ទៅ​ដោយ​មេត្រី​ចិត្ត 32នៅ​ថ្ងៃ​នោះ​ឯង ពួក​បាវ​របស់​អ៊ីសាក​មក​ជំរាប​គាត់​ពី​ដំណើរ​អណ្តូង ដែល​ទើប​នឹង​ជីក​ថា យើង​ជីក​បាន​ទឹក​ហើយ 33គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា សេបា ហេតុ​នោះ​បាន​ជា​ឈ្មោះ​ទី​ក្រុង​នោះ​ហៅ​ថា បៀរ-សេបា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
34ឯ​អេសាវ កាល​គាត់​យក​នាង​យូឌីត​ជា​កូន​បេរី​សាសន៍​ហេត ហើយ​នាង​បាស‌ម៉ាត​ជា​កូន​អេឡូន​សាសន៍​ហេត ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ 35នាង​ទាំង​២​នោះ​ក៏​នាំ​ឲ្យ​អ៊ីសាក​ហើយ​នឹង​រេបិកា​ពិបាក​ចិត្ត​ណាស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy