YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 22

22
1ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ 2រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ។
3អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ នឹង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​នោះ 4លុះ​ដើរ​បាន​៣​ថ្ងៃ​ហើយ នោះ​គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ ឃើញ​កន្លែង​នោះ​ពី​ចំងាយ 5រួច​ប្រាប់​ទៅ​បាវ​ថា ចូរ​ឯង​នៅ​ទី​នេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯ​ណោះ​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ 6នោះ​គាត់​ចាប់​យក​ឱស​ដែល​សំរាប់​ដង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង នឹង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ 7អ៊ីសាក​និយាយ​នឹង​ឪពុក​ថា លោក​ឪពុក​អើយ គាត់​ក៏​ឆ្លើយ​ថា អី​កូន រួច​វា​និយាយ​ថា នេះ​មាន​ភ្លើង​នឹង​ឱស​ហើយ តែ​កូន​ចៀម​សំរាប់​ដង្វាយ​ដុត​តើ​នៅ​ឯ​ណា 8អ័ប្រា‌ហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សំរាប់​ជា​ដង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ ដូច្នេះ​ក៏​នាំ​គ្នា​ទៅ​ទៀត។
9លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រា‌ហាំ​ក៏​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាសនា 10គាត់​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត​មក​ប្រុង​នឹង​សំឡាប់​កូន 11តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ពី​លើ​មេឃ​ហៅ​គាត់​ថា អ័ប្រា‌ហាំៗ​អើយ នោះ​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ 12រួច​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោត‌ខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ 13នោះ​អ័ប្រា‌ហាំ​គាត់​ងើប​ភ្នែក​ឡើង​ឃើញ​ចៀម​ឈ្មោល​១​ជាប់​ស្នែង​នៅ​ព្រៃ​ខាង​ក្រោយ​ខ្លួន រួច​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​ដង្វាយ​ដុត ជំនួស​កូន​ខ្លួន​វិញ 14អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ។
15ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត 16ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ 17នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ 18គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ 19នោះ​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។
20ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​មក​ប្រាប់​អ័ប្រា‌ហាំ​ថា មើល នាង​មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​ណាឃរ​ប្អូន​លោក​ដែរ 21គឺ​អ៊ូស​ជា​កូន​ច្បង​គាត់ ហើយ​ប៊ូស​ជា​ប្អូន នឹង​កេមូ‌អែល​ដែល​ជា​ឪពុក​អើរ៉ាម 22ហើយ​កេសែឌ ហាសូរ ពីល‌ដាស យីត‌ឡាប នឹង​បេធូ‌អែល 23ឯ​បេធូ‌អែល​បាន​បង្កើត​រេបិកា គឺ​កូន​ទាំង​៨​នាក់​នោះ ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ​ជា​ប្អូន​អ័ប្រា‌ហាំ 24ចំណែក​ប្រពន្ធ​ចុង​របស់​គាត់​ដែល​ឈ្មោះ​រេយូម៉ា នាង​បង្កើត​បាន​ធេបា កាហាំ ថាហាស នឹង​ម្អាកា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy