YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 20

20
1ឯ​អ័ប្រា‌ហាំ គាត់​ចេញ​ពី​ទី​នោះ​ធ្វើ​ដំណើរ​ទៅ​ឯ​ស្រុក​ត្បូង គាត់​តាំង​ទី​លំនៅ​ត្រង់​កេរ៉ា នា​កណ្តាល​កាដេស​នឹង​ស៊ើរ 2អ័ប្រា‌ហាំ​ក៏​និយាយ​ពី​សារ៉ា​ប្រពន្ធ​គាត់​ថា​ជា​ប្អូន​វិញ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ស្តេច​កេរ៉ា​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក 3តែ​ព្រះ‌ទ្រង់​មក​ពន្យល់​សប្តិ​ប្រាប់​អ័ប៊ី‌ម៉្មា‌ឡិច​នៅ​ពេល​យប់​ថា មើល ឯង​ទុក​ដូច​ជា​មនុស្ស​ស្លាប់ ដោយ​ព្រោះ​ស្ត្រី​ដែល​ឯង​បាន​យក​នេះ ពី​ព្រោះ​នាង​ជា​ប្រពន្ធ​គេ​ទេ 4តែ​អ័ប៊ី‌ម៉្មា‌ឡិច​មិន​បាន​ចូល​ទៅ​ជិត​សារ៉ា​សោះ ក៏​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​ទាំង​នគរ​សុចរិត​ដែរ​ឬ​អី 5តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា នាង​ជា​ប្អូន​ទេ​ឬ​អី ហើយ​នាង​ក៏​និយាយ​ដែរ​ថា គាត់​ជា​បង​ខ្ញុំ ដូច្នេះ ទូលបង្គំ​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់​ទេ ហើយ​ដោយ​ដៃ​ស្អាត​ផង 6ក្នុង​សប្តិ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ថា អញ​ដឹង​ហើយ​ថា ឯង​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់ ហើយ​អញ​ក៏​បាន​ឃាត់​មិន​ឲ្យ​ឯង​ធ្វើ​បាប​នឹង​អញ​ដែរ ហេតុ​នោះ​បាន​ជា​អញ​មិន​បើក​ឲ្យ​ឯង​ពាល់​នាង​ឡើយ 7ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង នឹង​ពួក​ឯង​ទាំង​អស់​ផង។
8អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ក្រោក​ពី​ព្រលឹម ទៅ​ហៅ​ពួក​បំរើ​ទ្រង់​ទាំង​អស់​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​ត្រចៀក​គេ គេ​ក៏​មាន​សេចក្ដី​ភ័យ​ស្លុត​ទាំង​អស់​គ្នា 9រួច​អ័ប៊ី‌ម៉្មា‌ឡិច​ហៅ​អ័ប្រា‌ហាំ​មក​បន្ទោស​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ តើ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​អ្នក​ដូច​ម្តេច បាន​ជា​អ្នក​នាំ​ឲ្យ​ខ្ញុំ ហើយ​នឹង​នគរ​ខ្ញុំ​មាន​បាប​ជា​ធ្ងន់​ដល់​ម៉្លេះ អ្នក​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ចំពោះ​សេចក្ដី​ដែល​មិន​ត្រូវ​ប្រព្រឹត្ត​ឡើយ 10អ័ប៊ី‌ម៉្មា‌ឡិច​ក៏​សួរ​អ័ប្រា‌ហាំ​ថា តើ​អ្នក​ឃើញ​ដូច​ម្តេច​បាន​ជា​ធ្វើ​ដូច្នេះ 11អ័ប្រា‌ហាំ​ទូល​ថា ពី​ព្រោះ​ទូលបង្គំ​នឹក​ថា ប្រាកដ​ជា​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៅ​ទី​នេះ​ទេ ហើយ​ថា គេ​នឹង​សំឡាប់​ទូលបង្គំ​ចោល ដោយ​ព្រោះ​ប្រពន្ធ​របស់​ទូលបង្គំ​នេះ 12មួយ​ទៀត នាង​ជា​ប្អូន​ទូលបង្គំ​មែន គឺ​ជា​កូន​របស់​ឪពុក​ទូលបង្គំ ប៉ុន្តែ មិន​មែន​ជា​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូលបង្គំ​បាន​យក​ធ្វើ​ជា​ប្រពន្ធ​ទៅ 13កាល​ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ដើរ​ចាក​ចោល​ផ្ទះ​ឪពុក​មក នោះ​ទូលបង្គំ​បាន​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​អាណិត​ដល់​អញ​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ នោះ​ត្រូវ​និយាយ​ពី​អញ​ថា​ជា​បង​ឯង 14នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​បាវ​ប្រុស​បាវ​ស្រី ប្រទាន​ដល់​អ័ប្រា‌ហាំ ព្រម​ទាំង​ប្រគល់​សារ៉ា ជា​ប្រពន្ធ ទៅ​វិញ​ផង 15រួច​អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​ថា មើល ស្រុក​ខ្ញុំ​នៅ​មុខ​អ្នក​ស្រាប់ ចូរ​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ឃើញ​ថា​ស្រួល​ចុះ 16ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សារ៉ា​ថា មើល អញ​ឲ្យ​ប្រាក់​១​ពាន់​ដល់​បង​នាង សំរាប់​នឹង​បាំង​ភ្នែក​នៃ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​នាង គឺ​យ៉ាង​នោះ​ដែល​បាន​បន្ទោស​ដល់​សារ៉ា 17នោះ​អ័ប្រា‌ហាំ​គាត់​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​ក៏​ប្រោស​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​បាន​ជា រួច​ភរិយា នឹង​ពួក​អ្នក‌ម្នាង​របស់​ទ្រង់​បាន​កើត​កូន​ទៀត 18ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ពោះ​នៃ​ពួក​ដំណាក់​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ព្រោះ​សារ៉ា​ជា​ប្រពន្ធ​អ័ប្រា‌ហាំ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy