YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 19

19
1ដល់​ពេល​ត្រលប់ នោះ​ទេវតា​ទាំង​២​ក៏​ទៅ​ដល់​ក្រុង​សូដុំម ឯ​ឡុត​គាត់​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង គាត់​ក៏​ឃើញ ហើយ​ក្រោក​ទៅ​ទទួល រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី ជំរាប​ថា 2លោក​ម្ចាស់​ខ្ញុំ​អើយ ឥឡូវ សូម​អញ្ជើញ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដើម្បី​នឹង​លាង​ជើង ហើយ​សំណាក់​នៅ​១​យប់​នេះ​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម​អញ្ជើញ​ទៅ​ទៀត​ចុះ តែ​ទេវតា​នោះ​ឆ្លើយ​ថា ទេ យប់​នេះ​យើង​នឹង​ដេក​នៅ​តាម​ផ្លូវ​វិញ 3ប៉ុន្តែ ដោយ​គាត់​បង្ខំ​ណាស់ បាន​ជា​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​រៀបចំ​ជប់‌លៀង គាត់​ដុត​នំបុ័ង​ឥត​ដំបែ ហើយ​ទេវតា​ក៏​បរិភោគ 4កាល​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​ពួក​មនុស្ស​ទាំង‌ឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្នុង​ក្រុង​សូដុំម គេ​មក​ឡោម‌ព័ទ្ធ​ផ្ទះ គឺ​ជា​មនុស្ស​ទាំង​អស់​ពី​គ្រប់​ក្នុង​ទី​ក្រុង 5គេ​ស្រែក​ហៅ​ឡុត​សួរ​ថា មនុស្ស​ដែល​ចូល​មក​ក្នុង​ផ្ទះ​ឯង​អម្បាញ់‌មិញ​នេះ តើ​នៅ​ឯ​ណា ចូរ​ឯង​នាំ​វា​ចេញ​មក​ឯ​យើង ឲ្យ​យើង​បាន​ស្គាល់​ផង 6នោះ​ឡុត​ចេញ​មក​ឯ​គេ​ដល់​មាត់​ទ្វារ រួច​បិទ​ទ្វារ​ទៅ​វិញ 7គាត់​អង្វរ​ថា បង​ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ 8មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ 9តែ​គេ​កំហែង​ទៅ​ថា ចូរ​ចៀស​ចេញ ហើយ​មាន​ខ្លះ​គេ​និយាយ​ថា អា​១​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទី​នេះ ឥឡូវ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ចៅ‌ក្រម​វិញ អើ បើ​ដូច្នេះ យើង​នឹង​ធ្វើ​ឯង​ឥឡូវ ឲ្យ​អាក្រក់​ជាង​២​នាក់​នោះ​ទៅ​ទៀត​ផង រួច​គេ​ក៏​ប្រជ្រៀត​លើ​ឡុត​ជា​ខ្លាំង ព្រម​ទាំង​រំលោភ​ចូល​ទៅ​ជិត​ចង់​ទំលាយ​ទ្វារ 10តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត 11ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។
12រួច​ទេវតា​សួរ​ឡុត​ថា តើ​ឯង​មាន​អ្នក​ណា​ទៀត នៅ​ទី​នេះ​ឬ​ទេ ទោះ​បើ​កូន​ប្រសា ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ចូរ​នាំ​ពួក​ឯង​ទាំង​អស់​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ 13ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ នេះ​គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ចេញ 14នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។
15លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ 16តែ​គាត់​នៅ​បង្អែ‌បង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់ នឹង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់ 17កាល​បាន​នាំ​ចេញ​ផុត​ទៅ​ក្រៅ​ហើយ នោះ​ទេវតា​ប្រាប់​ថា ចូរ​រត់​ទៅ​ឲ្យ​បាន​រួច​ជីវិត​ចុះ កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ ក៏​កុំ​ឲ្យ​ឈប់​នៅ​ស្រុក​វាល​ឯ​ណា​នីមួយ​ផង ចូរ​រត់​ទៅ​ឯ​ភ្នំ​វិញ ក្រែង​ឯង​ត្រូវ​វិនាស​ដែរ 18តែ​ឡុត​ប្រកែក​ថា ទេ លោក​ម្ចាស់​អើយ 19មើល​ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះ‌គុណ​មក​ខ្ញុំ​ជា​អ្នក​បំរើ​លោក ហើយ​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការ‌ពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ឯ​ភ្នំ​មិន​បាន​ទេ ក្រែង​សេចក្ដី​អាក្រក់​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ 20មើល‌ន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ 21ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ 22ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា សូអារ។
23លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ 24ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ នឹង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា 25ទ្រង់​ក៏​បំផ្លាញ​ក្រុង​ទាំង​នោះ នឹង​ស្រុក​វាល​ទាំង​មូល ហើយ​អស់​ទាំង​មនុស្ស​នៅ​ទី​ក្រុង​នោះ នឹង​គ្រប់​ទាំង​អស់​ដែល​ដុះ​នៅ​ដី​ផង។
26ឯ​ប្រពន្ធ​ឡុត​ក៏​ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ នោះ​ស្រាប់​តែ​ទៅ​ជា​បង្គោល​អំបិល​ទៅ។
27ឯ​អ័ប្រា‌ហាំ​គាត់​ក្រោក​ពី​ព្រលឹម​ឡើង នៅ​ឯ​កន្លែង​ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា 28គាត់​មើល​ទៅ​ឯ​ក្រុង​សូដុំម ក្រុង​កូម៉ូរ៉ា នឹង​ស្រុក​វាល​ទាំង​អស់ ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។
29ក្នុង​ខណៈ​ដែល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នឹក‌ចាំ​ពី​អ័ប្រា‌ហាំ ក៏​ឲ្យ​ឡុត​ចេញ​រួច​ពី​ការ​ហិន‌វិនាស​នោះ ក្នុង​កាល​ដែល​ទ្រង់​បាន​រំលាយ​ទី​ក្រុង​ទាំង​នោះ​ដែល​ឡុត​បាន​នៅ។
30ឯ​ឡុត ព្រម​ទាំង​កូន​ស្រី​ទាំង​២ ក៏​ចេញ​ពី​សូអារ​ឡើង​ទៅ​នៅ​ឯ​ភ្នំ​វិញ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​ទេ គាត់​ក៏​នៅ​ក្នុង​រអាង​ភ្នំ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់​ទាំង​២​ទៅ 31ចំណែក​នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា ឪពុក​យើង​គាត់​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​គ្រប់​ក្នុង​ស្រុក​នេះ នឹង​ចូល​មក​ឯ​យើង​តាម​បវេណី​ផែនដី​ទេ 32បើ​ដូច្នេះ ចូរ​យើង​បំផឹក​ស្រា​ឪពុក​យើង ហើយ​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ទៅ ដើម្បី​ឲ្យ​បាន​ត​ពូជ​ឲ្យ​ឪពុក​យើង​វិញ 33នោះ​គេ​ក៏​បំផឹក​ស្រា​ឪពុក​គេ​នៅ​យប់​នោះ​ឯង រួច​នាង​បង​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ខ្លួន​ទៅ តែ​គាត់​ឥត​មាន​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើង 34លុះ​ថ្ងៃ​ស្អែក​ទៀត នាង​បង​និយាយ​ទៅ​ប្អូន​ថា មើល យប់​មិញ អញ​បាន​ដេក​ជា​មួយ​នឹង​លោក​ឪពុក យប់​នេះ ចូរ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឲ្យ​ឯង​ចូល​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង 35គេ​ក៏​បំផឹក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត នោះ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ទៅ តែ​គាត់​ឥត​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើយ 36ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​២​ក៏​មាន​ទំងន់​នឹង​ឪពុក​ខ្លួន 37នាង​បង​បង្កើត​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា ម៉ូអាប់ គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​សាសន៍​ម៉ូអាប់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ 38ហើយ​នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ នាង​ឲ្យ​ឈ្មោះ​ថា បេន-អាំមី គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy